(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានទទួលជួបគណៈប្រតិភូស្រ្តី ជាថ្នាក់ដឹកនាំមន្រ្តីរាជការ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីចូលជួបសំដែងការគួរសម ក្នុងពិធីអបអរសាទរខួបទី ១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ខាងមុខនេះ។ ពិធីនេះ បានរៀបចំធ្វើឡើង នៅវិមានព្រឹទ្ធសភា។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា ព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ មានមុខងារពិនិត្យ និងផ្តល់យោបល់លើអត្ថបទច្បាប់ ដែលអនុម័តដោយរដ្ឋសភា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់រូប។ ច្បាប់ទាំងអស់នេះ ត្រូវបានយល់ដឹង និងគោរពពីប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយ យ៉ាងទូលំទូលាយ ដោយស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិផងដែរ។
ដោយឡែក ព្រឹទ្ធសភា មានយន្តការក្នុងការពិនិត្យ និងតាមដានអត្ថបទច្បាប់ ដើម្បីធ្វើសំដៅ ធានាការឆ្លើយតបទៅនឹងយេនឌ័រ ដើម្បីបម្រើផលប្រយោជន៍ ប្រកបដោយ សមធម៌ ចំពោះប្រជាពលរដ្ឋកម្ពុជាទាំងបុរស និងស្រ្តី តាមរយៈគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន នាពេលបច្ចុប្បន្ន។
សម្តេចវិបុលសេនាភក្តី បានបន្ថែមថា ព្រឹទ្ធសភា សូមគាំទ្រយុទ្ធសាស្រ្ត លើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ព្រមជាមួយ រាជរដ្ឋាភិបាល ដែលកំពុងប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការអនុវត្តការងារនេះ ហើយសង្ឃឹមថា ទៅអនាគត កម្ពុជានឹងសម្រេចបាន គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០៣០ ជាពិសេសចំណុចគោលដៅទី៥ ដែលចែងពី «ការសម្រេច ឲ្យបានសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប»។
លោកស្រី អ៊ឹង កន្ថាផាវី បានធ្វើរបាយការណ៍ជូនអង្គពិធី ពីលទ្ធផលការងារ របស់ក្រសួងកិច្ចការនារី។ លោកស្រី បានបញ្ជាក់ថា ភាពរីកចម្រើនទាក់ទង ទៅនឹងសមភាពយេនឌ័រ ទទួលបានលទ្ធផលជាវិជ្ជមានច្រើនវិស័យ ធ្វើឲ្យមានការផ្លាស់ប្តូរជាបណ្តើរៗនូវផ្នត់គំនិត និងទស្សនៈរបស់សង្គម។
លោកស្រីថា រាជរដ្ឋាភិបាល បានបង្កកាលានុវត្តភាពដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្រ្តី និងក្មេងឲ្យទទួលបានឱកាស និងអត្ថប្រយោជន៍ស្មើគ្នា ដូចបុរស និងក្មេងប្រុស ជំរុញសង្គមគ្រួសារ ឲ្យផ្តល់ការវិនិយោគដោយស្មើភាព លើកការអប់រំ ឲ្យកូនប្រុស កូនស្រី រៀនសូត្របានកម្រិតខ្ពស់ មានជំនាញបច្ចេកទេស និងមុខរបរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារខ្លួន ក៏ដូចជាទទួលបាន នូវភាពរីកចម្រើនផ្នែកសុខភាព។
លោកស្រីរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិសមភាពយេនឌ័រនៅកម្ពុជា មានការរីកចម្រើននៅគ្រប់វិស័យ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ វិស័យសាធារណៈ និងនយោបាយ ចំនួនស្រ្តី ក្នុងតួនាទីធ្វើការសម្រេចចិត្ត មានការកើនឡើងជាបន្តបន្ទាប់ ទំាងបរិមាណនិងគុណភាព នៅតាមមុខតំណែង និងឋានន្តរស័ក្តិ ពីមួយអាណត្តិទៅមួយអាណត្តិ។
បើតាមរដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅក្នុងមុខងារសាធារណៈចំនួនស្រ្តីមានការកើនឡើងពី៣២ភាគរយ នៅឆ្នាំ២០០៧ ដល់៤១ភាគរយ នៅឆ្នាំ២០១៩។ ចំនួនស្រ្តី ដែលមានមុខតំណែង ចាប់ពីថ្នាក់ការិយាល័យតាមក្រុង ស្រុក ខណ្ឌ រហូតអគ្គនាយក និងថ្នាក់ស្មើមានចំនួន ២៥ភាគរយ ស្រ្តីជាអភិបាលខេត្តមានចំនួន១ ស្រ្តីជាអភិបាលរងខេត្ត រងរាជធានី មានចំនួន២៦រូប ស្រ្តីជាអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួន៦រូប ស្រ្តីជាអភិបាលរងក្រុង ស្រុក ខណ្ឌ មានចំនួន១៩៤រូប។
នៅក្នុងឆ្នាំ២០១៩ មន្រ្តីការទូតជាស្រ្តីទៅបំពេញការងារ ជាឯកអគ្គរាជទូតមានចំនួន៤រូប និងស្រ្តីជាទីប្រឹក្សា លេខាធិការ និងគណនេយ្យករអមស្ថានទូត និងស្ថានកុងស៊ុលប្រចំាប្រទេស មានចំនួន៥៥រូប។
លោកស្រី បានលើកឡើងទៀតថា ចំពោះវិស័យសេដ្ឋកិច្ចវិញ របាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០ បានបង្ហាញថា កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី២៥ ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងចំណាត់ថ្នាក់ទី៤៥ ក្នុងឆ្នាំ២០១៨ ក្នុងចំណោមប្រទេសចំនួន១៥៣ ដែលនេះ បានបង្ហាញថា ការចូលរួមរបស់ស្រ្តី ក្នុងវិស័យសេដ្ឋកិច្ចគឺសកម្ម។
អត្រាស្រ្តី ចូលរួមក្នុងកម្លំាងពលកម្មកម្រិតខ្ពស់មានដល់៧៩ភាគរយ នៅក្នុងឆ្នាំ២០១៧។ សហគ្រិនភាពស្រ្តី មានការកើនឡើង៦៥ភាគរយ នៃសហគ្រាសខ្នាតតូច និងមធ្យម ដែលបានចុះបញ្ជី គឺមានស្រ្តីជាអ្នកគ្រប់គ្រង ឬម្ចាស់សហគ្រាស៕