(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ស្រ្តី និងក្មេងស្រី គឺជាតួអង្គ ដែលបានចូលរួមចំណែកដ៏សំខាន់ និងចាំបាច់ ក្នុងការធានាបាននូវប្រសិទ្ធភាព បរិយាបន្ន និងនិរន្តភាពយូរអង្វែងនៃសន្តិភាព។ សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចក្លាហាន ដល់ស្រ្តី និងក្មេងស្រី គឺជារបៀបរវារៈ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដាកល់ និងគាំទ្រយ៉ាងខ្លាំង ដើម្បីជំរុញឲ្យពួកគេ ក្លាយជាកម្លាំងចលករ ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍ និងក្លាយជាឆ្អឹងខ្នងរឹងមាំសម្រាប់សេដ្ឋកិច្ច និងសង្គមជាតិ។

បន្ថែមពីលើនេះ លោក វង សូត បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តល់ឱកាសកាន់តែច្រើន ជូនចំពោះស្រ្តី ឲ្យទទួលបានឋានៈ និងតួនាទីច្បាស់លាស់។ ជាក់ស្តែង រាជរដ្ឋាភិបាល តែងតែ បង្កឱកាសឱ្យស្ត្រីមាន ឋានៈ និងតួនាទី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត ជាក់ស្តែងក្នុងជួរ រាជរដ្ឋាភិបាល ស្ត្រីបានទទួលឋានៈតួនាទីជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួង ស្ថាប័ននានា ដែល បញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ដល់ស្ត្រី ក្នុងសកម្មភាពសង្គម តាមតួនាទី និងសមត្ថភាពរៀងៗខ្លួន។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី វង សូត បានធ្វើឡើងខណៈ លោក និងលោកស្រី បានអញ្ជើញចូលរួមនៅក្នុង ពិធីអបអរសារទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០នេះ ជាខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តី វង សូត ក៏បាន សម្តែងនូវការកោតសរសើរ និងថ្លែង អំណរគុណ ចំពោះ គណៈកម្មការសាខាសមាគមនារី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានបំពេញតួនាទី និង អនុវត្តភារកិច្ចប្រកបដោយលទ្ធផលផ្លែផ្កា និងស្មារតីទទួលខុសត្រូវ ជាពិសេសការរៀបចំទិវានេះឡើង ដើម្បីបង្ហាញឱ្យឃើញនូវកាយវិការ យកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការរួមចំណែកគាំទ្រលើភារកិច្ចរបស់ បងប្អូននារីក្នុងកិច្ចការសង្គម និងកិច្ចការគ្រួសារ។

តាមរយៈទិវានេះផងដែរ លោករដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យបុរសជាមន្ត្រីបុគ្គលិកទាំងអស់ ជ្រួតជ្រាបអំពីបញ្ហា យេនឌ័រ រួមសហការ លុបបំបាត់ភាពហិង្សាក្នុងគ្រួសារ ការរើសអើង ចំពោះស្ត្រី ហើយបង្កលក្ខណៈ ឱ្យនារីមានលទ្ធភាពគ្រប់គ្រាន់ ចូលរួមគ្រប់សកម្មភាព របស់ក្រសួង និងសង្គម។

ថ្លែងនៅក្នុងពិធីនោះដែរ លោកស្រី រុន សុវណ្ណទេវ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានឲ្យដឹងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ជាខួបលើកទី១០៩ គឺធ្វើឡើងក្នុងគោលបំណងរំលឹក ពីការតស៊ូរបស់នារី ក្នុងការទាមទារសិទ្ធិសេរីភាព ការអនុវត្តសិទ្ធិស្មើភាព រវាងបុរស និងស្រ្តី។

ក្រសួងកិច្ចការនារី បានជ្រើសយកប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ក្នុងគោលបំណង បន្តរំលេចពីតម្លៃ មិនអាចកាត់ថ្លៃបាន នៃសន្តិភាព និងសមិទ្ធិផល ដែលសម្រេចបាននាពេលកន្លងមក ក្នុងរយៈបេល២៥ឆ្នាំ ក្រោយសន្និសីទពិភពលោក ស្តីពីស្រ្តីលើកទី៤ ឆ្នាំ១៩៩៥ នៅទីក្រុងប៉េកាំង ដែលមានផែនការ ផ្តោតសំខាន់ ទៅលើបញ្ហាអាទិភាពចំនួន១២ ដែលមានមូលដ្ឋាន លើការលើកកម្ពស់សិទ្ធិស្រ្តី ក្នុងវិស័យសេដ្ឋកិច្ច សង្គម នយោបាយ ការអប់រំ សុខភាព កិច្ចការផ្លូវច្បាប់ ជាដើម៕