(ព្រះសីហនុ)៖ ដោយមានការណែនាំរបស់លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ឲ្យសាខាកាំកុងត្រូលនៅគ្រប់សាខាទូទាំងប្រទេស បន្តយុទ្ធនាការ ចុះពង្រឹងការត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ នៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ជូនដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃពុធ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ សាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានលោក ប៊ុន ចំរើន ជាប្រធានសាខាស្តីទី បានសហការពី អាជ្ញាធរដែនដី បានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារពាណិជ្ជកម្ម និងផ្សារទំនើបជុំវិញមហោស្រព ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានដកយកគំរូ ម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន ៖ បង្គារ មឹកស្រស់ ត្រីងៀត ប្រេងឆា បន្លែចំរុះ ប្រហិត សាច់ក្រក និងស្ពៃជ្រក់ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។

មន្រ្តីកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញ មានវត្តមានសារធាតុគីមីហាមឃាត់ នៅលើគ្រឿងសមុទ្រ និងពុំមានការដាក់តាំងលក់ទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ នោះទេ។

បន្ទាប់មកមន្ត្រីជំនាញកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕