(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកវាលវែង បានដឹកនាំកិច្ចប្រជុំត្រៀមទទួលបដិសណ្ឋាកិច្ច និងពិភាក្សាត្រួតពិនិត្យ ពីផែនការបែងចែកភារកិច្ចលម្អិត នៃការទទួលខុសត្រូវ ក្នុងដំណើរការពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ ប្រវែង១៨២,១៦គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ១០ ប្រវែង១៩៨,១៧៦គីឡូម៉ែត្រ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ខាងមុខ ក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ម៉ៅ ធនិន បានឲ្យដឹងថា ខេត្តពោធិ៍សាត់ពិតជាមានកិត្តិយសក្រៃលែង ដែលត្រូវបានថ្នាក់ដឹកនាំប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ១០ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ខាងមុខ។
លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងមាត់ ចំពោះគណៈកម្មការ អនុគណៈកម្មការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលទទួលខុសត្រូវរួម និងរៀបចំធ្វើយ៉ាងណា ឱ្យការប្រព្រឹត្តទៅ ធានាបានទាំងសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូល ប្រកបដោយភាពរលូន និងជោគជ័យ។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានចុះពិនិត្យទីតាំងប្រារព្ធពិធី និងបានបន្តចុះសួរសុខទុក្ខ បងប្អូនអាជីវករ ដែលកំពុងលក់ដូរ និងរកស៊ីទទួលទាន នៅក្នុងផ្សារប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែងផងដែរ។
គួរបញ្ជាក់ថា គម្រោងសាងសង់ថ្មី នូវផ្លូវជាតិលេខ១០ «ពីអក្សរT ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់» មានប្រវែង១៩៨,១៧៦គីឡូម៉ែត្រ គ្រោងនឹងចំណាយថវិកាជាង ១៨០លានដុល្លារ ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។ ការបើកការដ្ឋានស្ថាបនាផ្លូវនេះ នឹងធ្វើពិធីរួមគ្នា ជាមួយការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦គីឡូម៉ែត្រ ចំណុច(១៩១+១៥០) ដែលទើបនឹងស្ថាបនារួច តភ្ជាប់ «ពីផ្លូវជាតិលេខ៥ ទីរួមខេត្តពោធិ៍សាត់ ឆ្លងកាត់ស្រុកភ្នំក្រវាញ ស្រុកវាលវែង ឆ្ពោះទៅកាន់ឃុំថ្មដា ជាប់ព្រំដែនកម្ពុជា-ថៃ»។
គម្រោងសាងសង់ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ DBST ដែលអាចឱ្យប្រជាពលរដ្ឋ មកពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ឬតាមបណ្តាខេត្តទិសពាយ័ព្យ អាចធ្វើដំណើរ និងដឹកទំនិញឆ្លងកាត់ ទៅខេត្តជាប់ដែនសមុទ្រ បានយ៉ាងងាយស្រួល។ យើងមានឱកាសកសាងសមិទ្ធផលនានាបាន គឺដោយសារកត្តានៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ ហើយប្រជាពលរដ្ឋ ក៏អាចធ្វើដំណើរទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានការភ័យខ្លាចដូចពីមុនទៀតឡើយ៕