(សៀមរាប)៖ អនុវត្តតាមការណែនាំរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រោមការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប, កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងផ្សារទំនើបរបស់ជនជាតិចិនមួយ លក់ផលិតផលគ្រឿងឧបភោគ បរិភោគ ខូចគុណភាព កោសលុបកាលបរិច្ឆេទប្រើប្រាស់ និងវាយលេខកាលបរិច្ឆេទថ្មី ស្ថិតនៅភូមិសាស្ត្រ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបញ្ជាក់ថា ទីតាំងបង្ក្រាបនេះ គឺលក់ផលិតផលគ្រឿងឧបភោគ បរិភោគ ខូចគុណភាព (ហួសកាលបរិច្ឆេទប្រើប្រាស់ និងកោសលុបកាលបរិច្ឆេទប្រើប្រាស់ចាស់ រួចវាយលេខកាល បរិច្ឆេទប្រើប្រាស់ថ្មី) ដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពរបស់អ្នកបរិភោគ។

ក្នុងកិច្ចប្រតិបត្តការនោះ សមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យ និងឆែកឆេរជាក់ស្តែង រកឃើញវត្ថុតាងមានដូចខាងក្រោម៖

* ចាប់ដកហូតផលិតផលខូចគុណភាពចំនួន ១៤៥មុខ = ៨៩៦គីឡូក្រាម។
* ម៉ាស៊ីនវាយប្តូរលេខកាលបរិច្ឆេទចំនួន ២គ្រឿង (ខូច ១គ្រឿង)។
* Computer ចំនួន ១គ្រឿង។
* Hard Disk កាមេរ៉ាសុវត្ថិភាពចំនួន ១គ្រឿង។
* ឃាត់ខ្លួនជនជាតិចិនចំនួន ៣នាក់ យកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តសៀមរាប ចាត់ការទៅតាមនីតិវិធីច្បាប់។និងបានធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្មជាបណ្តោះអាសន្ន។

ទន្ទឹមនឹងនេះ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ វេលាម៉ោង១៤៖៩នាទី កំលាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជូនជនសង្ស័យជាជនជាតិចំនួន ៣នាក់ ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕