(តួកគី)៖ មូលនិធិ Diyanet ស្ថិតក្រោមក្រសួងកិច្ចការសាសនា នៃសាធារណរដ្ឋតួកគី បានសន្យាបន្តកិច្ចការមនុស្សធម៌មួយចំនួនបន្ថែមទៀតនៅកម្ពុជា ដោយសហការជាមួយអង្គការមូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា CMDF បន្ថែមទៅលើកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងរយៈពេល០៥ឆ្នាំកន្លងមកនេះ។

ការព្រមព្រៀងគ្នាបែបនេះ ធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងជំនួបពិភាក្សាការងាររវាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា ជាមួយលោក Ali Erbas រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា នៃសាធារណរដ្ឋតួកគី ដែលត្រូវបានគេហៅជាទូទៅថា «Diyanet» នៅទីស្តីការក្រសួង នាទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី។

គួរជម្រាបជូនថា ក្នុងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋតួកគី ភារកិច្ចរបស់ Diyanet គឺ «អនុវត្តការងារទាក់ទងនឹងជំនឿ ការគោរពបូជា និងសីលធម៌ឥស្លាម ផ្សព្វផ្សាយដល់សាធារណជនអំពីសាសនាឥស្លាម និងគ្រប់គ្រងវិហារ»។ Diyanet រៀបចំខុទីពះ (ធម្មទេសនា) សម្រាប់ផ្សព្វផ្សាយរៀងរាល់ថ្ងៃសុក្រ នៅតាមវិហារ ក្នុងប្រទេសចំនួន ៨៥,០០០ និងវិហារជាង ២,០០០ នៅក្រៅប្រទេសដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រសួង។ Diyanet ផ្តល់ការអប់រំគម្ពីរ អាល់គួរអានដល់កុមារ និងបណ្តុះបណ្តាលដល់គណៈអ៊ីម៉ាំទាំងអស់ទូទាំងប្រទេស ដែលត្រូវបានគេចាត់ទុកថា ជាមន្ត្រីរាជការស៊ីវិល។

ចាប់តាំងពីឆ្នាំ២០០៦ សកម្មភាពរបស់ Diyanet ត្រូវបានបង្កើនឡើង ហើយនៅឆ្នាំ២០១៥ កញ្ចប់ថវិការបស់ Diyanet ក៏បានកើនឡើង០៤ដង រីឯចំនួនបុគ្គលិក បានកើនឡើងទ្វេដងដល់ជិត១៥ម៉ឺននាក់។ ក្នុងឆ្នាំ២០១២ ទូរទស្សន៍ Diyanet ត្រូវបានដាក់ឲ្យដំណើរការផ្សាយ ២៤ម៉ោងក្នុងមួយថ្ងៃ ក្នុងគោលបំណងពង្រីកការអប់រំគម្ពីគូរ៉ាដល់កុមារ។

ដោយឡែក សម្រាប់កម្ពុជាក្នុងរយៈពេល០៥ ឆ្នាំកន្លងមកនេះ មូលនិធិ Diyanet បានជួយដល់ប្រទេសកម្ពុជា តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា CMDF សរុបជាទឹកប្រាក់មានចំនួន ១,១៧៩,៤២៧ដុល្លារ ក្នុងនោះ គោគួរបានចំនួន១,៨០៨ក្បាល ស្មើនឹង៩៧៤,១១០ដុល្លារ កញ្ចប់រ៉ាម៉ាឌន២០៥,៣១៧ដុល្លារ ក្រៅពីនេះ មូលនិធិ Diyanet ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បន្តការសិក្សារនៅសាធារណរដ្ឋតួកគីផងដែរ៕