(កំពង់ធំ)៖ ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានចុះទៅពិនិត្យសត្វជ្រូកនៅតាមកសិដ្ឋានចិញ្ចឹមជ្រូក មុននាំសត្វជ្រូកទាំងនេះ ទៅយកចែកចាយលក់បន្តតាមទីផ្សារទូទាំងប្រទេស។

ជាក់ស្តែង កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ សហការជាមួយក្រុមហ៊ុន CP បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក ងី គឹមពៅ នៅភូមិអូរគគី ឃុំជ្រាប់ ស្រុកសន្ទុក ក្នុងនោះកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន ៦រោង ដែលមានជ្រូកសាច់ចំនួន ៣៥៦០ក្បាល។

លោក តាន់ ម៉េងឆាង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ការចុះពិនិត្យនេះ ដើម្បីឲ្យដឹងថា តើជ្រូកមានសុខភាពល្អ ឬមិនល្អ មុនការនាំចេញទៅកាន់ទីផ្សារ និងមានការណែនាំដល់ម្ចាស់ កសិដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការចិញ្ចឹមផងដែរ។

លោកបានបន្តថា «ការចុះពិនិត្យឃើញថា ជ្រូកទាំងអស់ចំនួន ៣៥៦០ក្បាល មានសុខភាពល្អ និងធ្វើការវាយតម្លៃពីបញ្ហាសុខភាពរបស់សត្វ ដើម្បីឲ្យម្ចាស់កសិដ្ឋានដាក់ពាក្យទៅកាន់ច្រកចេញចូល តែមួយរបស់ខេត្តមុនពេលដឹកជញ្ជូនទៅកាន់ទីផ្សារ»

ជាមួយគ្នានេះដែរ លោក តាន់ ម៉េងឆាង បានកោតសរសើរកសិដ្ឋានរបស់លោក ងី គឹមពៅ ដែលបានគិតគូពីសុខមាលភាពប្រជាពលរដ្ឋ និងជំរុញការចិញ្ចឹមជ្រូកបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅប្រទេសតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕