(ភ្នំពេញ)៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការផ្ទុះវីរុសកូរ៉ូណា ឬ Covid-19 នៅតាមប្រទេសមួយចំនួននៅលើពិភពលោក ប៉ុន្តែវាប៉ះពាល់ធ្ងន់ធ្ងរ ដល់ដំណើរការអភិវឌ្ឍសំណង់លំនៅឋាននៅកម្ពុជានោះទេ ដូច្នេះសូមបណ្តាក្រុមហ៊ុនសាងសង់លំនៅដ្ឋានទាំងអស់ កុំមានព្រួយបារម្ភខ្លាំងពេក។

ការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានធ្វើឡើងនៅយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅសណ្ឋាគារ សុខា ភ្នំពេញ។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងហើយប្រហែលជាយឺតបន្តិចដោយសារ បញ្ហាការធ្វើហេដ្ឋារចនាសម្ព័ន្ធ ម្យ៉ាងទៀត ដោយសារជំងឺ ...! ខ្ញុំមិនចង់និយាយ វាប្លែក អញ្ចឹងវាអត់យូរ ហើយប្រហែលខ្ញុំដឹង នឹងមានអ្នកវិនិយោគិនបរទេសជាច្រើន នឹងមកវិនិយោគនៅកម្ពុជា បងប្អូនត្រូវសន្និដ្ឋានមួយថា អ្វីដែលជាដំណាក់កាលខ្លី កុំឱ្យមានការតក់ស្លុត ហើយត្រូវប្រកាន់ជំហររឹងប៉ឹង ដើរទៅតាមគោលនយោបាយ និងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាជន ១៥លាននាក់»

មិនតែប៉ុណ្ណោះ ក្នុងនាមជារដ្ឋមន្ត្រីដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបានទទួលផែនការពីសម្តេចតេជោ ហ៊ុន សែន បានខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែឆាប់រហ័ស ដើម្បីរង់ចាំការចូលមកវិនិយោគពីសំណាក់ក្រុម អ្នកវិនិយោគិននៅក្រៅប្រទេស នៅក្នុងខេត្តព្រះសីហនុ និងតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ហើយបញ្ហារាំងស្ទះមួយចំនួន នឹងបំពេញមកវិញ ទោះបីពិភពលោកជួបប្រទះបញ្ហាក្តី ក៏ប៉ុន្តែវិស័យដីធ្លីនៅខេត្តព្រះសីហនុ ក៏នៅទ្រឹងក្នុងរយៈពេលខ្លីផងដែរ។

ឧនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបន្តថា វិស័យអចលនវត្ថុ គឺជាវិស័យមួយដែលជំរុញសេដ្ឋកិច្ចជាតិនៅក្នុងឆ្នាំ២០១៩ ដោយមានសម្លឹងមើលឃើញថា ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានរហូតទៅដល់ ១,១០០០លានដុល្លារ។ បើប្រៀបធៀបនឹងឆ្នាំ២០១៨ កន្លងទៅ គឺមានចំនួនតែ ៥,៥០០លានដុល្លារ តែប៉ុណ្ណោះ ដូច្នេះការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា មានការកើនឡើងរហូតដល់ ៩០ភាគរយឯណោះ។

ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការអភិវឌ្ឍវិស័យសំណង់ ជាឱកាសរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បូកសរុបលទ្ធផល នាពេលនេះ គឺជាការផ្លាស់ប្តូរនូវបទពិសោធកម្រិតជំនាញ ការយល់ដឹង ការផ្លាស់ប្តូរគំនិតយោបល់ លើការអភិវឌ្ឍ។ ជាពិសេសបច្ចុប្បន្ននេះ ការសាងសង់លំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជា មានគុណភាពខ្ពស់ ប្រកបដោយស្តងដារ ដែលបានលើកកម្ពស់បញ្ហាបរិស្ថាន ដោយម្ចាស់បុរីនីមួយៗ មានចូលរួមចំណែកយ៉ាងខ្លាំងដាំដើមឈើ ប្រកបដោយផ្ទៃបៃតង ដែលបានចូលរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ដោយសារតែមានការអភិវឌ្ឍន៍សំណង់លំនៅដ្ឋាននេះហើយ ទើបធ្វើឱ្យយុវជនខ្មែរសម្បូរការងារធ្វើ ដែលក្នុងមួយឆ្នាំមានចំនួនជាង៣០ម៉ឺននាក់ ទាំងអស់មិនទាន់មានជំនាញ និងអ្នកមានជំនាញ ជាដើម។

បើតាមលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឱ្យដឹងថា សំណង់លំនៅឋាន នៅតែជាតម្រូវការយ៉ាងខ្ពស់ ទៅថ្ងៃអនាគត ការខិតខំរបស់សមាគមក៏ត្រូវតែបន្ត ការខិតខំទៅមុខលើផ្លូវដ៏យូរអង្វែង សមាគមនឹងបន្តពង្រឹងអានុភាពរបស់ខ្លួនឈរលើចក្ខុវិស័យ និងទិសដៅវែងឆ្ងាយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។ មិនតែប៉ុណ្ណោះ សមាគមមានទស្សនវិស័យមួយទៀត គឺលើកកម្ពស់ស្តងដារ វិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យកាន់តែខ្ពស់មិនផ្តោតសំខាន់លើតែសំណង់លំនៅឋាន ឬប្តី ប៉ុណ្ណោះទេ សមាគមផ្តោតលើអគារ ខុនដូរ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារទំនើបខ្ពស់ៗ ព្រោះអគារខ្ពស់ៗ ជាប៉ូលដ៏សំខាន់ នៃការធ្វើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយពាណិជ្ជកម្មអន្តរជាតិ ការធ្វើសេវាកម្មពាណិជ្ជកម្មអន្តរជាតិ ព្រមទងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកឧកញ៉ា លី ហួរ បានបន្តថា ដោយយោងលើការភាពរីកចម្រើនលើវិស័យអភិវឌ្ឍន៍លំនៅឋានឥតឈប់ឈរ ដែលជាផ្នែកមួយនៃឆ្អឹងខ្នង របស់សេដ្ឋកិច្ចជាតិ សមាគមបានចូលរួមចំណែក អភិវឌ្ឍន៍វិស័យអចលនទ្រព្យ មិននៅទីក្រុងភ្នំពេញ សូម្បីតែនៅតាមបណ្តាខេត្ត បានប្រែក្លាយដី មានតម្លៃពោរពេញទៅដោយដំណង់ អគារទំនើប បុរីលំនៅឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និងសំណង់ទំនើបៗ ដែលមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងមានប្រព័ន្ធអគ្គិសនី លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនបានសមរម្យ ជួយផ្តល់ការងារដល់ប្រជាជន ព្រមទាំងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយ:ការបង់ពន្ធ ចូលរួមលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបានចូលរួម លើកកិត្តិយស កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕