(កំពង់ឆ្នាំង)៖ គម្រោងកែលម្អផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់ធ្លាម្អមខេត្តពោធិ៍សាត់ ដែលមានប្រវែងសរុប ១៣៥.២៤គីឡូម៉ែត្រ បានសម្រេចការសាងសង់បាន ១៥ភាគរយហើយ គិតមកដល់ខែមីនា ឆ្នាំ២០២០នេះ ដោយគម្រោងនេះគ្រោងធ្វើឱ្យបានរួចរាល់នៅខែមីនា ឆ្នាំ២០២២ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ ដឹកទំនិញ និងធានាសុវត្ថិភាព នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក មិស៊ូណូរិ មិស៊ូណិស៊ី (Mitsunori MIZUISHI) អ្នកគ្រប់គ្រងគម្រោងសាងសង់កែលម្អផ្លូវជាតិលេខ៥ ព្រែកក្តាម ធ្លាម្អមភាគខាងត្បូង នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានស្ដីពី ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA Press Tour) ដឹកនាំដោយ JICA។
លោក មិស៊ូណូរិ មិស៊ូណិស៊ី បានឱ្យដឹងទៀតថា វិសាលភាពគម្រោងនេះ បានផ្តោតទៅលើការកែលម្អផ្លូវជាតិលេខ (ពីគីឡូម៉ែត្រលេខ៣១+៣៧០ ទៅគីឡូម៉ែត្រលេខ ១៧១+២០០ មានប្រវែង ១១៧.៩៧ គីឡូម៉ែត្រ) ពង្រីកទទឹងផ្លូវ ២គន្លង ទៅ ៤គន្លង សួនពុះចែកទ្រូងផ្លូវ ៣ម៉ែត្រ ជាមួយរនាំដែកពុះចែកទ្រូងផ្លូវ និងបរិក្ខាសុវត្តិភាពជាច្រើនផ្សេងទៀត។ ក្នុងនោះផ្នែកជនបទដែល ធម្មតាមានទទឹង ២៣ម៉ែត្រ និងផ្នែកខាងទីប្រជុំជនមានទទឹងប្រវែង ២៨ម៉ែត្រ។
លោកបានបញ្ជាក់បន្តថា គម្រោងនេះបានសាងសង់ផ្លូវវាងចំនួន២ មាន ៤គន្លង និងសួនពុះចែកទ្រូងផ្លូវ ៣ម៉ែត្រ ជាមួយរនាំដែកពុះចែកទ្រូងផ្លូវ និងបរិក្ខាសុវត្តិភាពជាច្រើនផ្សេងទៀតប្រវែងសរុប ២៣ម៉ែត្រ នៃទទឹងផ្លូវ ក្នុងនោះផ្នែកទី១ ផ្លូវវាងនៅក្រុងឧត្តុង (ពីគីឡូម៉ែត្រលេខ ៣៥+០៨០ ទៅគីឡម៉ែត្រលេខ ៤០+២៨៥ មានប្រវែង ២៣.៩២ គីឡូម៉ែត្រ) និងផ្នែកទី២ ផ្លូវវាងក្រុងកំពង់ឆ្នាំង (ពីគីឡូម៉ែត្រលេខ ៨១+៣៨០ ទៅ គីឡូម៉ែត្រលេខ ៩៣+៩០៤ មានប្រវែង ១២.០៧ គីឡម៉ែត្រ)។
គម្រោងនេះបានសាងសង់ស្ពានថ្មីចំនួន២ ជួសជុលពង្រីកស្ពានចាស់ចំនួន ១៣កន្លែង និងសាងសង់ជំនួសស្ពានចាស់ចំនួន ១៨កន្លែង និងបានសាងសង់លូប្រអប់ចំនួន១១៥ និងលូមូលចំនួន២១២ ដោយតម្លើងបង្គោលភ្លើង LED នៅផ្លូវប្រសព្វសំខាន់ៗ និងទីប្រជុំជនផងដែរ។
លោក ឌុន វណ្ឌីរីហ្គែន មន្ត្រីគ្រប់គ្រងគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា គម្រោងកែលម្អផ្លូវជាតិលេខ៥នេះ នឹងអភិវឌ្ឍឱ្យក្លាយទៅជាផ្លូវហាយវ៉េមួយក្នុងតំបន់អាស៊ាន ដែលជាផ្នែកមួយ នៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់សកម្មភាពក្នុងតំបន់។
លោកបានបន្តថា គម្រោងកែលម្អផ្លូវជាតិលេខ៥ ព្រែកក្តាម ធ្លាម្អម ផ្នែកខាងត្បូង ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនប្រទេសថៃ តាមរយៈការកែលម្អស្ថានភាពផ្លូវនេះ នឹងសាងសង់ផ្លូវវាង ថ្មីក្នុងស្រុកឧដុងង្គ និងក្រុងកំពង់ឆ្នាំង ដើម្បីកាត់បន្ថយផលប៉ះពាល់ និងសម្រួលការធ្វើចរាចរណ៍ឲ្យកាន់តែងាយស្រួល មិនប្រឈមការកកស្ទះ។ ពិសេសដើម្បីចូលរួមចំណែកការរីកចម្រើន ដល់វិស័យសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងការអភិវឌ្ឍព្រមទាំងទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ។
នៅក្នុងឱកាសនេះដែរលោក ឌុន វណ្ឌីរីហ្គែន បានសំណូមពរឱ្យជនខិលខូចមួយចំនួន តែងតែលួចសម្ភារនៅតាមការរដ្ឋានសាងសង់ សូមបញ្ឈប់សកម្មភាពលួចតទៅទៀត ព្រោះការសាងសង់ផ្លូវនេះ ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់នោះទេ។ លោកថា មកដល់ពេលនេះ កោណ ដែលបានដាក់អមសងខាងផ្លូវ ជុំវិញការដ្ឋានត្រូវបានជនខិលខូចលួចអស់ប្រមាណ ២,០០០កោណទៅហើយ បើគិតជាថវិកាអស់ប្រមាណ ២ម៉ឺនដុល្លារ។
សូមបញ្ចាក់ថា គម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ៥ ពីកំណាត់ផ្នែកព្រែកក្តាម ធ្លាម្អម ពោធិ៍សាត់ ផ្នែកខាងត្បូង មានប្រវែងសរុប១៣៥.២៤គីឡូម៉្រែត ត្រូវបានសាងសង់នៅក្នុងខែមេសា ឆ្នាំ២០១៨ នឹងត្រូវបញ្ចប់ការសាងសង់នៅខែមេសាឆ្នាំ២០២២ ដែលកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)៕