(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានផ្ដល់ការណែនាំនូវកិច្ចការសំខាន់ៗ ៧ចំណុច ដែលរដ្ឋបាលខេត្តសៀមរាប ត្រូវរួមគ្នាខិតខំសម្រេចឱ្យបានក្នុងឆ្នាំ២០២០។
សម្ដេចផ្ដល់ការណែនាំនេះ គឺផ្អែកលើមូលដ្ឋាននៃសមិទ្ធផលនៃអង្គសន្និបាទ និងយោងតាមបញ្ហាប្រឈមដែលនៅសេសសល់ និងដោយផ្អែកលើទិសដៅការងារឆ្នាំ២០២០ ទាំងកិច្ចការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍខេត្ត និងកិច្ចការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្ដេចផ្ទាល់។
ការផ្ដល់ការណែនាំទាំងនេះ ធ្វេីឡេីងក្នុងឱកាសដែលសម្ដេច អញ្ជើញចូលរួមជាអធិបតីពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ នៃរដ្ឋបាលខេត្តសៀមរាប ដែលមានរយៈពេលពីរថ្ងៃ (០៣-០៤ មិនា ឆ្នាំ២០២០) នៅសណ្ឋាគារសុខា សៀមរាប។
ពិធីនេះមានវត្តមានថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ និងសមាជិកក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តសៀមរាប និងសមាជិក សមាជិការ នៃអង្គសនិ្នបាត ប្រមាណ៥០០នាក់ ផងដែរ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានធ្វើកិច្ចស្វាគមន៍ និងបូកសរុបលទ្ធផល នៃអង្គសន្និបាតនោះ បានលើកឡើងនូវការងារដែលសេសសល់ និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវរួមគ្នាខិតខំសម្រេចទិសដៅការងារឆ្នាំ២០២០ ដែលមាន៖ ការគ្រប់គ្រង រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បន្តការអនុវត្តជាប្រចាំនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក៏ដូចជាសកម្មភាពចរាចរជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលនៅតែបន្តកើតមាន ពិសេសនូវក្នុងស្រទាប់យុវជន ទាំងនៅក្នុងក្រុង និងតាមបណ្តាស្រុក ដែលតម្រូវឱ្យមានការសិក្សា ដាក់វិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។
លោកអភិបាលខេត្ត ក៏បានលើកឡើងពីឥរិយាបថរបស់មន្រ្តីរាជការមួយចំនួនតូច នូវបង្កការថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ ដែលទទួលសេវា ដែលទាមទារឱ្យមានការកែរលម្អនូវឥរិយាបថ នៃមន្រ្តីរាជការទាំងនោះ។ ក្នុងនោះដែរ ការសាងសង់ សំណង់ខុសច្បាប់ និងការងារដីធ្លី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរពាក់ព័ន្ធ ត្រូវជំរុញការរៀបចំប្លង់នគរូបនីបញ្ញត្តិ ប្លង់ប្រើប្រាស់ដីក្រុង/ស្រុក ហើយធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹងការសាងសង់ ពន្លឿនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ពន្លឿនការដោះស្រាយទំនាស់ដីធ្លី បញ្ឈប់រាល់ការបញ្ជាក់លើឯកសារការកាន់កាប់ដីធ្លី ដែលគ្មានមូលដ្ឋានច្បាស់លាស់ ពិនិត្យលើការពុះដីឡូត៍ និងបុរីដោយពុំមានច្បាប់អនុញ្ញាត ទប់ស្កាត់សំណង់មិនរៀបរយ ដោយអនុវត្តតួនាទីភារកិច្ចតាមសមត្ថកិច្ចរៀងៗខ្លួន។
លោក ទៀ សីហា បានបញ្ជាក់ថា៖ បញ្ហាប្រឈមសំខាន់ៗ ខាងលើ រួមនឹងបញ្ហាប្រឈមដទៃទៀត អង្គសន្និបាតមានការប្តេជ្ញា ចិត្តរួមគ្នាដើម្បីពុះពារជំនះ ដោយធ្វើការកំណត់យុទ្ធសាស្រ្ត និងវិធានការសមស្របនានា ដើម្បីដោះស្រាយ ហើយមន្ទីរ អង្គភាពនានា រដ្ឋបាលក្រុង/ស្រុក និងរដ្ឋបាលឃុំ/សង្កាត់ ត្រូវទទួលខុសត្រូវតាមសមត្ថកិច្ចរៀងៗខ្លួន។
លោកបានប្តេជ្ញាចិត្ត ថានឹងរក្សាឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយសុខុមាលភាព និងធានាឱ្យបាននូវកិច្ចអភិវឌ្ឍន៍ប្រកបដោយសមធម៌។
ក្នុងពិធីបិទសន្និបាតនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងនូវការកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្ត រួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួល រហូលសម្រេចបានសមិទ្ធផលលើគ្រប់វិស័យជាពិសេសបានចូលរួមថែរក្សាសុខ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងជំរុញការអភិវឌ្ឍ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបង្ការទប់ស្កាត់ នូវគម្រោងផែនការធ្វើរដ្ឋប្រហារប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាល ការផ្លាស់ប្តូររបបនយោបាយនៅកម្ពុជា ក្រោមឧបាយកលនៃផែនការវិលត្រឡប់របស់ក្រុមឧទ្ទាម ក្រៅច្បាប់មួយក្តាប់តូច កាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ហើយបន្តរក្សាបានយ៉ាងគត់មត់នូវសុខសន្តិភាព ស្ថិរភាព នយោបាយ ស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ៕