(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២០នេះ បានបញ្ជូនសំណុំរឿង លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ចោទប្រកាន់ពីបទរំលោភអំណាច បំពានធនធានធម្មជាតិ និងផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរ។
សំណុំរឿងរពុករលួយនេះ កំពុងស្ថិតក្នុងចំណាត់ការ លោក គុជ គឹមឡុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់អង្គភាព Fresh News។
សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក នួន ប៉ុក កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដោយជាប់សង្ស័យក្នុងរឿងពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង។
មន្រ្តីជាន់ខ្ពស់ នៃអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ថា ការឃាត់ខ្លួននេះ គឺដឹកនាំដោយ លោកស្រី កែម សុភាព ប្រធាននាយកដ្ឋានស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយ។
លោក នួន ប៉ុក បានឡើងកាន់តំណែងជាប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដី ខេត្ត ព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦។ លោកត្រូវបានផ្ទេរចេញពី តំណែងនេះ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ដោយកាន់តំណែងបាន២ឆ្នាំ៕