(ភ្នំពេញ)៖ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោកស្រី ប៊ុន នារី បានលើកឡើងថា ទន្ទឹមនឹងការជំរុញឲ្យមានស្ត្រីចូលបម្រើការងារជាមន្ត្រីរាជការ ស្ត្រីក៏ត្រូវតែមានសមត្ថភាពខ្លួនឯងដែរ មិនមែនរង់ចាំកូតាដែលគេរុញមកទេ។
ការលើកឡើងខាងលើនេះ បានធ្វើឡើងក្នុងឱកាសលោកស្រី ប៊ុន នារី អញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។
លោកស្រី ប៊ុន នារី បានលើកឡើងយ៉ាងដូច្នេះថា «ទន្ទឹមនឹងការជំរុញឲ្យមានស្ត្រីចូលបម្រើការងាររាជការ ក៏បញ្ជាក់ឲ្យឃើញថា ស្ត្រីមានសមត្ថភាពខ្លួនឯង មិនមែនរង់ចាំកូតាដែលគេរុញមកទេ »។
អគ្គនាយករងរូបនេះបានបន្តថា «នារីទាំងអស់ត្រូវតែមានឆន្ទះថា ខ្ញុំមកអគ្គនាយកដ្ឋានពន្ធដារ មកដោយសារសមត្ថភាពរបស់ខ្លួនឯង នោះយើងនឹងមានអារម្មណ៍ថា យើងជាស្ត្រីដែលមានសមត្ថភាពពេញលេញនៅក្នុងការធ្វើការជាមួយបុរស»។
លោកស្រីបញ្ជាក់ថា សមត្ថភាពនេះហើយ គឺជាទ្រព្យដែលលួចមិនបាន ដែលធ្វើឲ្យស្ត្រីអាចឈរជើង អាចប្រកួតប្រជែងកម្រិតការងារជាមួយបុរសបាន ប៉ុន្តែមិនមែនសំដៅទៅលើការប្រកួតប្រជែងតំណែង ក៏តួនាទីនោះទេ។
ក្នុងនាមលោកស្រីជាស្ត្រីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ បានសំណូមពរដល់ប្រធានសាខា និងប្រធាននាយកដ្ឋានទាំងអស់ គួរតែបង្ហាញស្នាដៃរបស់នារីនៅក្នុងតារាងវាយតម្លៃរបស់សាខា ក៏ដូចជានាយកដ្ឋាន ហើយបិទឲ្យអ្នកជាប់ពន្ធបានឃើញផង ដែលនេះគឺជាមោទនភាព ជាការលើកទឹកចិត្តដោយមិនបាច់ធ្វើការចំណាយ និងជាការជំរុញកំណើនផលិតភាពរបស់ស្ត្រីផងដែរ៕