(ស្ទឹងត្រែង)៖ ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ លើការងារដែលបានអនុវត្តក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ តំណាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបពិភាក្សាការងារបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន-អេដស៍ ក្រោមវត្តមាន លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពី អ្នកពាក់ព័ន្ធសរុបចំនួន១១៥នាក់។
លោកឧត្តមសេនីយ៍ទោ លឹម តុងហួត បានលើកឡើងថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកាកបាទក្រហមកម្ពុជា លើការងារឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍។
ជាមួយនេះ ត្រូវពង្រឹង និងពិសេសបង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាបង្ការ និងទប់ស្កាត់ ឲ្យកាន់តែមានប្រសិទ្ធភាព នូវការឆ្លងរាលដាល នៃមេរោគអេដស៍ ជំងឺអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿងញៀន។
លោក ឈឹម ឃិនដារ៉េត បានអះអាងថា តទៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទាំងពីរ គឺអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងបន្តសហការគ្នាធ្វើយ៉ាងណាឲ្យអ្នកៀនគ្រឿងញៀន និងផ្ទុកមេរោគអេដស៍ ទទួលបានសេវាព្យាបាល និងបង្ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានសហគមន៍។
បើតាមរបាយការណ៍ឆ្នាំ២០១៩ កម្ពុជា មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៧,២០០០នាក់ ក្នុងនោះអ្នកផ្ទុកមកទទួលសេវាព្យាបាល បានប្រមាណជាង៨០ភាគរយ ទន្ទឹមនឹងកម្ពុជាគ្រប់គ្រងបានចំនួនអ្នកប្រើ និងអ្នកញៀនគ្រឿងញៀនចំនួនជាង២ម៉ឺន៕