(ភ្នំពេញ)៖ ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបន្ទាប់ពីបានឆ្លៀតពេលរៀបចំ ពិធីជួបជុំសំណេះសំណាល និងចែកអំណោយដល់កងកម្លាំងអាវុធហត្ថទូទាំងរាជធានី ដោយក្នុងម្នាក់ៗទទួលបាន ទឹកក្រូចដប០១កែស, អាវយឺត០១ និងកញ្ចប់ នំពា ភេសជ្ជៈប៉ូវកម្លាំង ទឹកសុទ្ធ ០១ឈុត កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ រួចហើយនោះ នៅល្ងាចថ្ងៃទី០៣ ខែ០៣ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមូលផ្តុំកងកម្លាំង ក្រោមឱវាទទូទាំងរាជធានី ប្រារព្ធពិធីជប់លៀងអបអរសាទរបុណ្យចូលឆ្នាំថ្មី មុនថ្ងៃបុណ្យជាក់ស្តែងមកដល់ ដើម្បីជាការលើកទឹកចិត្ត ដល់នាយទាហាន នាយទាហានរង និង ពលទាហាននៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឲ្យមានឱកាស បានចូលរួមអបអរបុណ្យចូលឆ្នាំថ្មីជាមុន ហើយទុកពេលវេលាបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូន បងប្អូន ប្រជាពលរដ្ឋ ក្នុងថ្ងៃបុណ្យជាក់ស្តែងដែលនឹងមកដល់ក្នុងពេលខាងមុខ។
ព្រមជាមួយគ្នានោះ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានឆ្លៀតឱកាស គោរពអញ្ជើញ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី បងប្អូនអាជីវករ ពាណិជ្ជករ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលតែងតែស្រឡាញ់ គាំទ្រនូវសកម្មភាពកងរាជអាវុធហត្ថ រាជធានីភ្នំពេញកន្លងមក ដើម្បីចូលរួមជាកិត្តិយស និងមានក្រុមសិល្បៈ ព្រមទាំងតារាល្បីៗ ចូលរួមសម្តែងនិងច្រៀងកំដរកម្មវិធី ប្រកបដោយភាពអធឹកអធម ផងដែរ ។
ថ្លែងក្នុងសន្ទរកថាស្វាគមន៍គណអធិបតីនិងភ្ញៀវកិត្តិយសនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា កម្មវិធីជួបជុំ របស់អាវុធហត្ថរាជធានីភ្នំពេញ ដែលមានជាបន្តបន្ទាប់រហូតដល់ថ្ងៃនេះ គឺបានប្រារព្ធឡើង៦លើកមកហើយ ហើយកម្មវិធីនេះប្រព្រឹត្តទៅបាន ក៏ព្រោះតែកម្ពុជា មានសន្តិភាពពេញលេញ ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ។ ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញទាំងមូល និង ក្នុងនាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បានថ្លែងរួមគ្នាជាឯកច្ឆន្ទថា «អរគុណសន្តិភាព! និង គោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ គឺសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា» ព្រមជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយកក់ក្តៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់គណអធិបតី ភ្ញៀវកិត្តិយស ដែលបានឆ្លៀតឱកាស ដ៏មមាញឹក អញ្ជើញចូលរួម ក្នុងកម្មវិធី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរ គណអធិបតីភ្ញៀវកិត្តិយសទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕