(ភ្នំពេញ)៖ ក្រោយមានប្រតិកម្មខ្លាំងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការសម្តែងរបាំព្រះរាជទ្រព្យនៅប្រទេសសិង្ហបុរី ដែលខុសនឹងវប្បធម៌ ប្រពៃណីខ្មែរ និងប្រមាថដល់រាជវង្សនោះ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងវប្បធម៌ និងវិចិត្រ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ណែនាំដល់អ្នកដែលនាំយករបាំព្រះរាជទ្រព្យ ឬ របាំក្បាច់បុរាណខ្មែរ ទៅសម្តែងជាលក្ខណៈអន្តរជាតិ ត្រូវសុំការអនុញ្ញាតជាមុនសិន។
ក្រសួងវប្បធម៌បានបញ្ជាក់ដូច្នេះថា «ក្រសួងសូមណែនាំឲ្យបណ្តាអង្គការ សមាគម ក្រុមសិល្បៈនានា ដែលនឹងរៀបចំទម្រង់របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ទៅសម្តែងជាលក្ខណៈអន្តរជាតិ នៅក្រៅប្រទេស សូមសហការជាមួយក្រសួងឲ្យបានជិតស្និទ្ធិ តាមរយៈការផ្តល់ជារបាការណ៍សង្ខេប ស្តីពីទស្សទាន គោលបំណង ទីកន្លែង ឬបរិស្ថាន ដែលរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ត្រូវសម្តែង ដើម្បីចៀសវាងនូវរូបភាពមិនសមរម្យ ប៉ះពាល់ដល់តម្លៃសិល្បៈ និងកិត្តិយសរបស់ជាតិ»។
សូមជម្រាបថា ក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោបានបញ្ចេញប្រតិកម្មធ្ងន់ៗ ចំពោះការយករបាំព្រះរាជទ្រព្យរបស់ខ្មែរ ទៅសម្តែងនៅប្រទេសសិង្ហបុរី ដែលធ្វើឱ្យខុសនឹងវប្បធម៌ ប្រពៃណីខ្មែរ។
ប្រតិកម្មនេះបន្ទាប់ពីសម្តេចទទួលបានវីដេអូមួយ ដែលបង្ហោះលើបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងការសម្តែងរបាំព្រះរាជទ្រព្យ ដែលរៀបចំឡើងដោយ ជនជាតិម៉ាឡេស៊ីសញ្ជាតិសិង្ហបុរី សហការជាមួយពលរដ្ឋខ្មែរមួយចំនួន៕