(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋមួយចំនួន ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរមេត្តាជួយពន្លឿន ការផ្តល់ប្លង់កម្មសិទ្ធិដីធ្លី ជូនពួកគាត់ បន្ទាប់ពីការចុះបញ្ជីដីធ្លីជាប្រព័ន្ធ (ប្រភេទដីកសិកម្ម) ដែលអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បានចុះវាស់វែង និងបានប្រគល់បង្កាន់ដៃ (ចុងសន្លឹក) អស់រយៈពេលជិត៣ឆ្នាំកន្លងមកហើយនោះ ប៉ុន្តែនៅតែមិនទាន់ចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋនៅឡើយ។
លោកស្រី ជិន ស៊ីលាភ មេភូមិអូរស្ពាន បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែងតែមកត្អូញត្អែរ ពីការចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីកសិកម្ម (ប្លង់រឹង) ដែលបានអូសបន្លាយពេលយូរ ដោយអ្នកខ្លះរង់ចាំរយៈពេល៣-៤ឆ្នាំមកហើយ នៅតែមិនទាន់ទទួលបាន ដែលធ្វើឲ្យមានការលំបាកដល់ពួកគាត់ ដូចជាការលក់ដូរ តម្រូវការប្រាក់កាក់ពីបណ្តាមីក្រូហិរញ្ញវត្ថុឬធនាគារ ដើម្បីយកមកពង្រីកអាជីវកម្មផ្សេងៗជាដើម។
លោក គុជ ម៉េងធូ ចៅសង្កាត់ស្ពានមានជ័យ បានឲ្យដឹងផងដែរថា ចំពោះករណីក្នុងការចេញប័ណ្ណកម្មសិទ្ធ កាន់កាប់ដីកសិកម្ម (ប្លង់រឹង) ជូនដល់បងប្អូនប្រជាពលរដ្ឋ មានការយឺតយ៉ាវនោះ ក៏ព្រោះតែមានកត្តាពាក់ព័ន្ធមួយចំនួន ដូចជាដីនោះស្ថិតនៅក្នុងគម្របព្រៃឈើ ដីចំការស្រល់ ដីមិនប្រើប្រាស់ និងអាស្រ័យផល គណៈកម្មការខេត្តផ្អាក ក្នុងការចេញប័ណ្ណកម្មសិទ្ធកាន់កាប់ដីកសិកម្ម (ប្លង់រឹង) ជូនដល់ពួកគាត់។ យ៉ាងនេះក្តីក៏លោកមេឃុំបានទទួលស្គាល់ថា ការចេញប័ណ្ណ (ប្លង់រឹង) ជូនប្រជាពលរដ្ឋ មិនត្រូវឲ្យវាយូរពេកដែរ។
លោក គុជ ម៉េងធូ បន្តថា ចំពោះនីតិវិធីផ្សេងៗទៀតយ៉ាងណានោះ ខាងអាជ្ញាធរសង្កាត់មិនបានដឹងច្បាស់លាស់ទេ គឺផុតពីដែនសមត្ថកិច្ចរបស់អាជ្ញាធរសង្កាត់ហើយ គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មន្ទីរសុរិយោដីនគររូបនីយកម្ម និងសំណង់។
ប្រជាពលរដ្ឋបានលើកឡើងថា ចំពោះដីដែលមិនស្ថិតនៅក្នុងគម្របព្រៃ ឬជាប់ពាក់ព័ន្ធបញ្ហាផ្សេងៗទៀតនោះ ស្ថាប័នពាក់ព័ន្ធគួរតែចេញប័ណ្ណកម្មសិទ្ធ (ប្លង់រឹង) ជូនពួកគាត់ ឬ ជូនដំណឹងឲ្យពួកគាត់បានដឹង ពីព្រោះការវាស់វែងចុះបញ្ជីជាប្រព័ន្ធ និងការបិទផ្សាយ បានធ្វើរួច រាល់អស់ហើយ។ ដូច្នេះ ដើម្បីចូលរួមអនុវត្ត និងសម្រេចឲ្យបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក៏ដូចជាបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរ ដ្ឋនៅតាមបណ្តាខេត្តដាច់ស្រយាល អជ្ញាធរដីធ្លីគួរគប្បីបំពេញការងារឲ្យបានឆាប់រហ័ស ដោយមិនត្រូវអូសបន្លាយរយៈពេលរាប់ឆ្នាំបែបនេះឡើយ។
សូមបញ្ជាក់ផងដែរថា យោងតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល «សៀវភៅសដីធ្លី» ចុះថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៥ បានលើកឡើងថា «ការចុះបញ្ជីដីធ្លី គឺជាផ្នែកដ៏សំខាន់មួយ ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ៕