(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ក្រុមអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងជំងឺរលាកសួត ដែលបង្កដោយមេរោគកូវីត១៩ (COVID-19) គឺជាពួក «ភេរវករ» ដែលកំពុងបំពុលមិនត្រឹមតែនៅកម្ពុជាទេ គឺបំពុលលើពិភពលោកតែម្តង។
ការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។ ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកលេង Facebook មួយចំនួន ជាពិសេសអ្នកដែលប្រឆាំងនៅក្រៅប្រទេស បានបង្ហោះព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ថា កម្ពុជាមានអ្នកកើតមេរោគ COVID-19 ច្រើន ប៉ុន្តែរាជរដ្ឋាភិបាលព្យាយាមលាក់បាំងព័ត៌មានទាំងនោះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ពិតមែនហើយការបំពុលព័ត៌មាននេះ គឺជាពួកភេវករតែម្តង ដែលកំពុងតែបំពុលព័ត៌មាន មិនមែនគ្រាន់តែបំពុលនៅស្រុកខ្មែរទេ បំពុលលើពិភពលោកតែម្តង។ អង្គការសុខភាពពិភពលោក ក៏មានការធុញទ្រាន់ទៅលើបញ្ហានេះដែរ»។
សម្តេចតេជោ ហ៊ុន សែន ថែមទាំងប្រាប់ដល់មន្ត្រី ចាប់ផ្តើមគិតពីលទ្ធភាពដោះស្រាយបញ្ហា ក្នុងករណីប្រទេសកម្ពុជា កើតមានមេរោគកូវីត១៩។ បើតាមប្រសាសន៍សម្តេចតេជោ បានឲ្យដឹងថា ការងារអាទិភាពទី១របស់កម្ពុជា រហូតដល់បិទបញ្ចប់មេរោគកូវីត១៩ គឺប្រយុទ្ធប្រឆាំងនឹងការរីករាល នៃមេរោគនេះតែម្តង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមហៅក្រុមដែលព្យាយាមប្រឌិតព័ត៌មានបំពុលសង្គម អំពីមេរោគ COVID-19 ថាជាក្រុមទុច្ចរិត ហើយសម្តេចចាត់ទុកថា ពួកគេជាក្រុមភេរវករផងដែរ បើសិនជាក្រុមនេះនៅតែបន្តបំពុល ឬប្រឌិតព័ត៌មាន ដើម្បីជំរុញឲ្យប្រជាពលរដ្ឋខ្មែរ មានការភ័យខ្លាច។
នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់ថាមេរោគ COVID-19 នេះ មិនមានប្រកាច់ស្លាប់ ដូចជំងឺដាច់សសៃឈាម ឬគាំងបេះដូងទេ។ សម្តេចបានកត់សម្គាល់ថា កន្លងទៅនេះ ឲ្យតែមាននរណាម្នាក់ស្លាប់ ក្រុមអ្នកលេង Facebook មួយចំនួនបានបង្ហោះថា ជាបញ្ហាបង្កឡើងដោយមេរោគ COVID-19 ទាំងអស់។
ពាក់ព័ន្ធនឹងការបង្ហោះបំភ្លៃព័ត៌មានរឿងជំងឺ COVID-19 នៅកម្ពុជានេះ ក្រសួងព័ត៌មាន បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលើគណនី Facebook ចំនួន៧ រួចហើយ ដែលធ្វើសកម្មភាពផ្សព្វផ្សាយបំផុសបំផុល និងបំភ័យប្រជាពលរដ្ឋ។ Facebook ទាំង៧ ដែលស្នើឲ្យចាត់វិធានការនេះ រួមមាន៖ Sdam Husen, Sovannara Som, កូននាគ អហិង្សា ស្វ.រ, សំលេងពលករចង់បានការផ្លាស់ប្តូរ, សឹម សុភា Soem Sophea, Ah Song Ha និង រិទ្ធីវង្ស ឡុង៕