(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងជាមួយម៉ាឡេស៉ី ដែលរកឃើញជំងឺរលាកសួត ដែលបង្កដោយមេរោគ COVID-19 លើស្ត្រីអាមេរិក វ័យ៨៣ឆ្នាំ ត្រូវបានបញ្ចប់ហើយ និងមិនមានការដេញដោលទៀតទេ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០របស់ក្រសួងសុខាភិបាល នៅសណ្ឋាគារសុខា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ពិតហើយ ខ្ញុំបានមើលការបំភ្លឺរបស់ឯកអគ្គរដ្ឋទូតម៉ាឡេស៉ី ជាមួយនឹងការកោះហៅ ពីអនុរដ្ឋលេខាធិការក្រសួងការបរទេស (កម្ពុជា) ដើម្បីសួរនាំ។ ខាងម៉ាឡេស៉ី បានបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍របស់គេ គេអត់មានបានបញ្ជាក់ថា ជំងឺនេះបានរកឃើញចេញពីកម្ពុជាទេ គឺបានរកឃើញនៅម៉ាឡេស៉ី។ មួយទៀតហៅចំពេលដែលរដ្ឋមន្ត្រីសុខាភិបាល លាលែងពីដំណែងអស់តំណែង ដែលមហាធៀ គាត់លាលែង។ ឥឡូវរឿងគួរត្រូវបានបញ្ចប់ត្រឹមហ្នឹងហើយ មិនបាច់ធ្វើអ្វីតទៅទៀតទេ»។
សម្តេចតេជោ បានថ្លែងបន្ថែមថា មកដល់ពេលនេះស្ត្រីដែលគេថាមានមេរោគ COVID-19 បានទៅដល់ផ្ទះហើយ និងមិនមានបញ្ហាសុខភាពទៀតនោះដែរ។ សម្តេចចាត់ទុកថា នេះគឺបានបង្ហាញយ៉ាងច្បាស់ អំពីគុណភាពសុខាភិបាលកម្ពុជា ហើយក៏ជាការផ្តល់យុត្តិធម៌ដល់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា លោក Eldeen Hasaaini bin Mohd Hashim អគ្គរាជទូតម៉ាឡេស៉ីប្រចាំនៅកម្ពុជា បានចូលបំភ្លឺនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណីដែលរដ្ឋាភិបាលម៉ាឡេស៉ី ប្រកាសថា ស្រ្តីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំ ជាអ្នកដំណើរតាមនាវាទេសចរណ៍ Westerdam ដែលចាកចេញពីកម្ពុជានោះ មានមេរោគ Covid-19 ហើយត្រូវបានម៉ាឡេស៉ីព្យាបាលជា រយៈពេល៧២ម៉ោង។ ប៉ុន្តែករណីនេះផ្ទុយស្រឡះ ពីមជ្ឍមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (USCDC) ដែលប្រកាសថា ស្រ្តីជនជាតិអាមេរិកាំង គ្មានផ្ទុកមេរោគ Covid-19 គ្រាន់តែអាចមានជំងឺសួតធម្មតា។
ភាពមន្ទិលរវាងកម្ពុជា និងម៉ាឡេស៉ី បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ី បានចេញមកប្រកាសថា ស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ ដែលជាអ្នកដំណើរតាមនាវា Westerdam ចាកចេញពីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ មានផ្ទុកមេរោគ Covid-19។ ការប្រកាសនេះបាន ធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់ក្រសួងសុខាភិបាលកម្ពុជា ដោយសារតែខ្លួនបានពិនិត្យយ៉ាងល្អិតល្អន់ ជាមួយអង្គការសុខភាពពិភពលោក (WHO) ចំពោះអ្នកដំណើរជាង ២២០០នាក់ ដែលចូលកម្ពុជាតាមនាវា Westerdam ហើយទាមទារឲ្យម៉ាឡេស៉ី ពិនិត្យឡើងវិញឲ្យបានច្បាស់លាស់។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រីឧបនាយករដ្ឋមន្រ្តីម៉ាឡេស៉ីដដែល បានចេញមកប្រកាសជាថ្មីថា ស្រ្តីជនជាតិអាមេរិកវ័យ៨៣ឆ្នាំនោះ មិនមានមេរោគកូរ៉ូណាទៀតទេ បន្ទាប់ពីព្យាបាលអស់រយៈពេលខ្លី។
សម្តេចតេជោ ក៏បានសម្តែងការសោកស្តាយចំពោះឥរិយាបទរបស់ម៉ាឡេស៉ី ដែលបានចេញមកប្រកាសថា ស្រ្តីម្នាក់ជនជាតិអាមេរិកអាយុ៨៣ឆ្នាំ មានឆ្លង វីរុសកូរ៉ូណាថ្មី បង្កឱ្យមានការភាន់ច្រឡំ និងភ្ញាក់ផ្អើលដល់ពិភពលោក។ សម្តេចបានចាត់ទុកថា ការប្រកាសដោយមិនច្បាស់លាស់នេះ បានដាក់បន្ទុកឲ្យកម្ពុជាខាតបង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ ដែលពលរដ្ឋកម្ពុជាមិនចាត់ទុកថារឿងនេះស្រាលទេនោះទេ។
សម្តេចក៏បានបញ្ជាក់ទៀតថា ដោយសារការប្រកាសបែបនេះរបស់ម៉ាឡេស៉ី បានធ្វើឲ្យប្រទេសមួយចំនួន មិនទទួលយកអ្នកដំណើរតាមនាវា Westerdam ដែលចេញពីកម្ពុជាឡើយ ហើយដោយសារតែការប្រកាសរបស់ម៉ាឡេស៉ី ទើបធ្វើឲ្យមានអ្នកនៅលើនាវា ត្រូវយឺតយ៉ាវក្នុងការត្រឡប់ទៅផ្ទះវិញ៕