(តួកគី)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Hassan Basri Acar ប្រធានសមាគមឧស្សាហករ និងពាណិជ្ជករឯករាជ្យ អង់ការ៉ា (MUSIAD Ankara) នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។
នៅក្នុងជំនួបនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានស្នើឲ្យប្រធានសមាគមឧស្សាហករ និងពាណិជ្ជករឯករាជ្យ (MUSIAD Ankara) ដាក់តំណាងរបស់ខ្លួន នៅប្រទេសកម្ពុជា ដើម្បីធ្វើការវិនិយោគលើវិស័យឧស្សាហកម្មហាឡាល់ និងវិស័យផ្សេងៗទៀត ស្របពេលដែលប្រទេសកម្ពុជា កំពុងតែមានសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាបានកំណើនសេដ្ឋកិច្ចជាង ៧ ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍។
ជាការឆ្លើយតប លោក Hassan Basri Acar បានវាយតម្លៃខ្ពស់ និងឯកភាពលើសំណើរបស់ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ហើយថានឹងផ្ដល់លទ្ធភាព ឲ្យខាងជំនាញសិក្សាលម្អិតបន្ថែមទៀត លើបញ្ហានេះ។
លោក Hassan Basri Acar បានជម្រាបលោកទេសរដ្ឋមន្ត្រីថា MUSIAD ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩១ មានសមាជិកជាង១១,០០០នាក់ និយោជិកប្រមាណ១,៦០០,០០០នាក់ កំពុងបម្រើការតាមបណ្តាក្រុមហ៊ុនជាង៥០,០០០ ដែលផ្ដល់នូវទំនុកចិត្តខ្ពស់ ដែលត្រូវបានបញ្ជាក់ដោយ វិញ្ញាបនបត្រគុណភាព ISO 9001-2000 នៅគ្រប់ទីក្រុងទាំងអស់សាធារណរដ្ឋតួកគី។ សមាគមនេះ ក៏មានតំណាងនៅ៧២ប្រទេស និងដៃគូសហការជាង២២០នៅទូទាំងពិភពលោក៕