(ភ្នំពេញ)៖ ពាក្យថា អរគុណ សម្តេចតេជោនាយករដ្ឋមន្ដ្រី ដែលបានដឹកនាំកម្ពុជា ឲ្យមានសន្តិភាព, អរគុណ សន្តិភាព ដែលធ្វើឲ្យប្រទេសជាតិរីកចម្រើនរុងរឿង, រួមគ្នាថែរក្សាសន្តិភាព ធានាបានសមភាពយេនឌ័រ ប្រកបដោយបរិយាប័ន្ន, វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព, ស្រ្តីរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ, និងមានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ ត្រូវបានស្រែកហូឡើងព្រមៗគ្នាយ៉ាងគងរំពង នៅក្នុងពិធីផ្សព្វផ្សាយ និងអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» របស់សមាគមនារីខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ។
ការផ្សព្វផ្សាយ និងអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ» ខាងលើនេះ ក្រោមការចូលរួមជាអធិបតីពីលោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខណ្ឌ និងជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍, លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ, លោកស្រី ម៉ាណ ណាវី សមាជិការដ្ឋសភាជាតិមណ្ឌលភ្នំពេញ, លោកស្រី ចាន់ នីឡា សមាជិកក្រុមប្រឹក្សារាជធានី, លោក សំ ប៊ន ទីប្រឹក្សាផ្ទាល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ជា ពិសី អភិបាលខណ្ឌ, លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ, លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌ។
លើសពីនះ ក៏មានវត្តមានចូលរួមពីលោក-លោកស្រីសមាគមនារី នៃអធិការដ្ឋាននគរបាលខណ្ឌ, យោធភូមិភាគពិសេសខណ្ឌ, និងប្រធានការិយាល័យ ដែលជាសមាជិកសមាគមនារី របស់រដ្ឋបាលខណ្ឌទាំង១១, ព្រមទាំងអស់លោក-លោកស្រីសមាគមនារីសង្កាត់ទាំង៧ផងដែរ។
ក្នុងពិធីនេះ លោក ជា ពិសី បានគូសបញ្ជាក់ថា សមភាពយេនឌ័រគឺជាកត្តាចម្បង ក្នុងការធានានូវចីរភាព នៃសន្តិភាព និងកិច្ចអភិវឌ្ឍន៍។ ស្ត្រីគឺជាតួអង្គ រួមចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានាបាននូវប្រសិទ្ធភាព បរិយាប័ន្ដ និងនិរន្តភាពយូរអង្វែងនៃសន្តិភាព។ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី គឺជារបៀបវារៈដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា យកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំង ដើម្បីជុំរុញឲ្យពួកគេក្លាយជាកម្លាំងចលករ ចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ។
លោកអភិបាលខណ្ឌឫស្សីកែវរូបនេះ បានគូសបញ្ជាក់ទៀតថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា បានដាក់ចេញនូវការងារលើកកម្ពស់ សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្ត្រី ជាវិស័យអាទិភាពដាច់ដោយឡែក ក៍ដូចជា វិស័យការងារក្នុងវិស័យអាទិភាពដ៍ទៃទៀតផងដែរ។
ជាមួយគ្ននេះ លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌ អានព្រះរាជសាររបស់ព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលដោយសង្ខេប នៅក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ» នេះផងដែរ នៅមុនពេលដែល លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខណ្ឌ និងជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងស្ងើចសរសើរយ៉ាងក្រៃលែង រាល់សកម្មភាពដឹកនាំអនុវត្តការងារទាំងឡាយ ពិសេសរាល់សកម្មភាពមនុស្សធម៌ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌ ក្រោមការដឹកនាំដោយលោកស្រី អាន ផល្លា ជាប្រធាន៕