(សៀមរាប)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគទី៤ នៅសៀមរាប នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី៤ និងបណ្តាស្ថាប័ន-កងឯកភាពចំណុះ ដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងធានាបាននូវការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ព្រមទាំងការពង្រឹងការងារអប់រំចិត្តសាស្ត្រ ដែលជាមូលដ្ឋានសំខាន់នៅក្នុងការថែរក្សាសុខសន្តិភាពជាតិ ជាពិសេសការប្រកាន់ខ្ជាប់នូវជំហរច្បាស់លាស់ស្មោះត្រង់នឹង ជាតិ សាសនា ព្រះមហាក្សត្រ ប្តេជាការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់។
លោកមេបញ្ជាការ បានចាត់ទុកថា ភាពម្ចាស់ការរឹងមាំក្នុងការឆ្លើយតបចំពោះគ្រប់បញ្ហាប្រឈមដែលកើតមានឡើង ដោយធានាបាននូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាប្រក្រតីភាពនៃជីវភាពសង្គមលើគ្រប់វិស័យ ជាពិសេសកំណើនថេរនៃសេដ្ឋកិច្ចកម្ពុជា គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសកម្ម និងការលះបង់ ដ៏ធំធេងពីសំណាក់កងយោធពលខេមរភូមិន្ទបានឡើយ។ ដូច្នេះការបន្តធានាការពារនូវរាល់សមិទ្ធផលទាំងនេះ គឺជាកិច្ចការស្នូលអាទិភាពចាំបាច់ និងមានសារសំខាន់បំផុត ដែលកងយោធពលខេម រភូមិន្ទ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវនិរន្តរភាពសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិឌ្ឍជាតិ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត សូមគាំទ្រ និងជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមកងយោធខេមរភូមិន្ទ ដោយប្រកាន់យកនូវ ការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង៕