(កណ្ដាល)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានតាស់តឿនក្រើនរម្លឹកថា មន្ត្រីទាំងអស់ត្រូវរៀបចំខ្លួនឲ្យក្លាយជាមន្ត្រី ដែលមានឧត្តមគតិបម្រើជាតិ បម្រើពលរដ្ឋ ហើយមិនត្រូវទុកខ្លួនជាមន្ត្រីឱកាសនិយមទេ ខណៈដែលមានតំណែងហើយ ត្រូវខិតខំប្រឹងប្រែងបញ្ចេញស្នាដៃ ឲ្យគេវាយតម្លៃថា យើងពិតជាអ្នកខិតខំប្រឹងប្រែងធ្វើការពិតមែន អាចឲ្យពលរដ្ឋផ្ញើជោគវាសនាបាន កុំឲ្យគេថា មានអំណាចរកតែផលប្រយោជន៍ខ្លួន ផលប្រយោជន៍បក្ខពួក ដែលនាំឲ្យវិនាសអន្តរាយ និងបង្កបញ្ហាផ្សេងៗទៀត។
សម្ដេចក្រឡាមហោម ស ខេង បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តកណ្ដាល នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ។
ថ្លែងក្នុងឱកាសនេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា មន្ត្រីថ្នាក់ក្រោមជាតិ ត្រូវតែពង្រឹងលើសមត្ថភាពឲ្យខ្លាំងក្លា មានចំណេះដឹងច្បាស់លាស់ មានឆន្ទៈបម្រើពលរដ្ឋ ស្នេហាជាតិ មានឧត្តគតិ ហើយរក្សាឲ្យបានខ្ជាប់ខ្ជួននូវឧត្តមគតិ ដោយមិនបណ្ដោយខ្លួនឲ្យក្លាយជាជនឱកាសនិយម ភ្លេចកំណើតនោះឡើយ ដែលនេះជាការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិឲ្យកាន់តែល្អប្រសើរជាលំដាប់។
សម្ដេចក្រឡាហោម ក៏បានព្រមានមន្ត្រីណា ដែលធ្វើផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដោយនឹងធ្វើការ «វះកាត់» មិនបណ្ដោយឲ្យមានបញ្ហាតទៅទៀតបានឡើយ ព្រោះក្នុង២០២០នេះ ជាឆ្នាំដែលត្រូវតែអនុវត្តន៍ច្បាប់ឲ្យបានខ្លាំងក្លា មិនទុកឡើយមន្ត្រីពុករលួយ មន្ត្រីជើងដប់ មន្ត្រីឡេមឡឺម មន្ត្រីឱកាសនិយម មន្ត្រីគ្មានសមត្ថភាព និងមន្ត្រីអសមត្ថភាព ផ្សេងៗទៀត។ ប៉ុន្តែលោក ក៏ទឹកចិត្តដល់មន្ត្រីទាំងឡាយណាដែលមានឆន្ទៈធ្វើការយ៉ាងពិតប្រាកដ ហើយនឹងបន្តលើកកម្ពស់ដល់មន្ត្រីទាំងឡាយណា ដែលមានស្នាដៃយ៉ាងពិតប្រាកដ យកមកធ្វើការកាន់មុខតំណែងយ៉ាងសាកសមជាទីបំផុត។
សម្ដេចក្រឡាហោម បានសង្កត់ទៅមន្ត្រីកុំគិតថា គ្មានបក្សប្រឆាំងហើយជិះសេះលែងដៃ ធ្វើអ្វីបានស្រេចតែអំពើចិត្តនោះ គឺគិតខុសហើយ ប៉ុន្តែត្រូវគិតថា ក្នុងនាមខ្លួនជាមន្ត្រី ត្រូវធ្វើយ៉ាងណា ដាក់ចិត្ត ដាក់កាយ ធ្វើការឲ្យបានល្អប្រសើរបំផុត ចៀសវាងការធ្វើទុក្ខបុកម្នេញ បង្កបញ្ហារកាំរកូសដល់ពលរដ្ឋ ដែលផ្ទុយពីគោលនបាយរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ ថែរក្សាសុខសន្តិភាពជាតិ ស្ថេរភាព និងការអភិវឌ្ឍន៍។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាលជំនួសលោក ម៉ៅ ភិរុណ។
ដោយឡែកកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចផ្លាស់ប្តូរមកជាអភិបាលរង កណ្តាលវិញ ជំនួសកន្លែងលោក គង់ សោភ័ណ្ឌ៕