(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំ គណៈកម្មការគម្រោង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច នៅតំបន់ទន្លេសាប (ជំហាន២)។
ក្នុងកិច្ចប្រជុំនេះ ក៏មានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តគោលដៅ លោក-លោកស្រី និងមន្រ្តីអនុវត្តគម្រោង ដែលរៀបចំធ្វើឡើង នាទីស្តីការ ក្រសួងកសិកម្ម។
ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិក សមាជិកានាពេលនេះ ហើយលោកបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការដឹកនាំគម្រោង និងអង្គភាពសម្របសម្រួល គម្រោងដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការរួមចំណែកដោះស្រាយ បញ្ហាប្រឈមក្នុងវិស័យកសិកម្ម និងជនបទ ធ្វើយ៉ាងណាលើកកម្ពស់ពិពិធកម្ម ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង ឆ្លើយតបតាមតម្រូវការទីផ្សារ ដើម្បីរួមគ្នាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើន ដោយប្រើប្រាស់ថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) និងរដ្ឋាភិបាលហ្វាំងឡង់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជា អាចធ្លាក់ចុះមកនៅក្នុងរង្វង់៦% នៅក្នុងឆ្នាំ២០២០ ដោយសារផលប៉ះពាល់ ដោយប្រយោលពីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA រួមទាំងការប្រែប្រួលធាតុអាកាស។
ស្ថិតក្នុងស្ថានភាពចំពោះមុខ សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់វិធានការជាច្រើនដើម្បីរក្សាសុខភាពសេដ្ឋកិច្ចជាតិ តាមរយៈទ្រទ្រង់ និងលើកទឹកចិត្ត ដល់សហគ្រាសធុនតូច និងមធ្យម វិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មផងដែរ ដើម្បីអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យម មាន លទ្ធភាពពង្រីក និងធ្វើឲ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែមតាមរយៈ ការផ្តល់ទឹកប្រាក់រហូតដល់៥០លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប។
ដើម្បីចូលរួមថែរក្សាសុខភាពសេដ្ឋកិច្ចជាតិយើង ដែលកំពុងប្រឈមជាមួយបញ្ហាសំខាន់ទាំងពីរខាងលើ ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោករដ្ឋមន្ត្រី បានផ្តល់គំនិតគោលសំខាន់ៗ ជូនសមាជិក សមាជិកាក្នុងកិច្ចប្រជុំ ជាពិសេស ម្ចាស់ជំនួយ នាយកគម្រោង មន្រ្តីអនុវត្តគម្រោង និងមន្រ្តី ឬជនបង្គោល ថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ ដែលជាគោលដៅ របស់គម្រោងយកទៅត្រិះរិះពិចារណា ដែលមានខ្លឹមសារដូចខាងក្រោម៖
ទី១៖ ត្រូវគិតគូអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ផលិតកម្មកសិកម្ម ជាអាទិ៍ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រ មានប្រភពទឹក សក្តានុពលស្រោចស្រពស្រូវ និងដំណាំ បង្ហូរទឹកចូលស្រែដោយស្វ័យប្រវត្តិ រោងសម្ងួត និងឃ្លាំងស្តុកស្រូវ និងគមនាគមន៍ដឹកជញ្ជូន រួមទាំងការធ្វើកសិកម្មចម្រុះ ដោយបញ្ចូលការជីកស្រះចិញ្ចឹមត្រី។
ទី២៖ បង្កើនគុណភាពកសិផល ស្របតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam GAP) បញ្ជាក់គុណភាពឲ្យបានត្រឹមត្រូវ។ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់តួអង្គពាក់ព័ន្ធស្របតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍»។ ត្រូវពិនិត្យលទ្ធភាពរកទីតាំង លក់ផលិតផលសរីរាង្គ ផលិតផល GAP ដែលមានស្តង់ដារ និងអនាម័យខ្ពស់។
ទី៣៖ បន្តអភិវឌ្ឍកសិដ្ឋានគំរូ ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំសហគមន៍កសិកម្ម ពង្រឹង និងពង្រីកផលិតកម្មកសិកម្មតាមកិច្ចសន្យា។ លើកកម្ពស់កម្រិតជីវភាព របស់ប្រជាសហគមន៍ ដោយកាត់បន្ថយការពឹងអាស្រ័យទៅលើផល និងអនុផលព្រៃឈើ ដោយងាកមកធ្វើពិពិធកម្មកសិកម្មប្រកបដោយភាតរបរិស្ថាន ព្រមទាំងខិតខំការប្រែក្លាយសហគមន៍ គំរូឱ្យទៅជា «ភូមិមួយ ផលិតផលមួយ» ឬសហគមន៍ដែលអាចទាក់ទាញភ្ញៀវទេសចរ ជាដើម។ គួរកំណត់តំបន់ដាំដុះ នៅក្នុងខេត្តគោលដៅ និងតំបន់ផ្សេងៗទៀត ដោយត្រូវចងក្រងទិន្នន័យតាមភូមិសាស្ត្រនីមួយៗ ដើម្បីជាធាតុចូលសម្រាប់រៀបចំ ជាផែនទីបង្ហាញផ្លូវ អំពីដាំដុះដំណាំកសិកម្ម។
ទី៤៖ ត្រូវសិក្សាស្រាវជ្រាវពីផលប៉ះពាល់ដល់បរិមាណផលត្រី ផលស្តុកធម្មជាតិ និងជីវភាពរបស់សហគមន៍នេសាទ សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ។ ផលប៉ះពាល់លើធនធានជលផល ដែលបណ្តាលមកពីការប្រែប្រួលរបបទឹកទន្លេមេគង្គ បណ្តាលមកពីការអភិវឌ្ឍគម្រោងមួយចំនួននៅក្នុងអាង ឬទន្លេ។ ត្រូវរៀបចំយុទ្ធសាស្ត្របន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ ដើម្បីធានាការគ្រប់ គ្រងជីវៈចម្រុះ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អធិការ ដ្ឋាន និងខណ្ឌរដ្ឋបាលជលផល ព្រៃឈើទាំងអស់ត្រូវផ្សព្វផ្សាយពីផល ប្រយោជន៍នៃព្រៃឈើ ព្រៃលិចទឹក និងចាត់វិធានការទប់ ស្កាត់ការរំលោភយកដីព្រៃឈើ ព្រៃលិចទឹក ព្រៃកោងកាងធ្វើជាកម្មសិទ្ធិខុសច្បាប់ ទប់ស្កាត់ភ្លើងឆេះព្រៃ។
ទី៥៖ ម្ចាស់ជំនួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ នាយកគម្រោង និងមន្រ្តីអនុវត្តគម្រោង ត្រូវបង្កើនការយកចិត្តទុកដាក់ គិតគូឲ្យបានល្អិតល្អន់ និងមានទស្សន វិស័យច្បាស់លាស់ វែងឆ្ងាយទាក់ទងទៅនឹងការប្រើប្រាស់ថវិកា កម្មវត្ថុ ឬគោលបំណងរបស់គម្រោង សកម្មភាពអនុវត្តគម្រោង និងលទ្ធផលរំពឹងទុក ដោយត្រូវតោងភ្ជាប់ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចដែលពិភពលោក ក៏ដូចជាប្រទេសយើងកំពុងជួបប្រទះ និងជាពិសេសត្រូវគិតដល់អ្នកទទួលផលចុងក្រោយ ធ្វើយ៉ាងណាក្រោយពេលគម្រោងចប់ សកម្មភាពរបស់គម្រោងនៅមាននិរន្តរភាព។
សូមជម្រាបជូនថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (ជំហាន២) ប្រើប្រាស់ថវិកាសរុប៦៦លានដុល្លារ (ADB ៥០លានដុល្លារ , IFAD ១០លានដុល្លារ និងរាជរដ្ឋាភិបាល ស្មើ៦លានដុល្លារ)។ គម្រោង មានរយៈពេល៥ឆ្នាំ (ចាប់ពីថ្ងៃ០១ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣) ក្នុងខេត្តគោលដៅចំនួន០៧ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង ដែលមានក្រុង-ស្រុក ៣៨ និងឃុំសរុបចំនួន២៧០៕