(កណ្ដាល)៖ ថ្លែងចេញពីពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តកណ្ដាលថ្មី នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ទៅមន្ដ្រីដែលចុះមូលដ្ឋានទាំងអស់ ត្រូវចុះទៅដោះស្រាយអ្វីដែលជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ កុំចុះទៅឲ្យបានតែចុះ ហើយថែមទាំងបង្ហិនបាយទឹក ឬភោគផលរបស់ពលរដ្ឋបន្ថែម។
សម្ដេច ស ខេង ក៏បានអះអាងទៀតថា គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវឧត្តមគតិរបស់ខ្លួនថា ឧត្តមគតិបម្រើជាតិ ប្រជាជន ហើយយកមកអនុវត្តតាមរយៈគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះរាជរដ្ឋាភិបាល ក៏បានបង្កើតនូវក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលបានរៀបចំកម្មវិធីជាប់ជាមួយប្រជាពលរដ្ឋ តែមិនមែនចុះដើម្បីបង្ហិនបាយទឹកប្រជាពលរដ្ឋទេ បង្ហិនភោគផលរបស់ប្រជាពលរដ្ឋទេ គឺចុះទៅដើម្បីជួយបង្កលក្ខណៈដោះស្រាយបញ្ហាលំបាករបស់ពួកគាត់ បញ្ហាប្រឈមរបស់គាត់»។
ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា តាមរយៈក្រុមការងាររាជរដ្ឋាភិបាល ដែលបានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនេះ បញ្ហាប្រឈម និងទុកកង្វល់ជាច្រើនត្រូវ បានដោះស្រាយជាបន្ដបន្ទាប់។
បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើដល់មន្ដ្រីគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវរៀបចំខ្លួនយ៉ាងណាដើម្បីឲ្យក្លាយជាមន្ដ្រីដែលមានឧត្តមគតិ បម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយមិនត្រូវរៀបចំខ្លួនទៅជាមន្ដ្រីឱកាសនិយមនោះទេ។ សម្ដេចអះអាងថា មន្ដ្រីឱកាសនិយម ជាមន្ដ្រីដែលបានតំណែងហើយតែងធ្វើអ្វីតាមអំពើចិត្ត ដើម្បីតែផលប្រយោជន៍៕