(ភ្នំពេញ)៖ លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា គោលនយោបាយកំពុងត្រូវបានបង្កើតឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទាក់ទងនឹង ការរៀបចំប្រទេសសម្រាប់សេដ្ឋកិច្ចឌីជីថល ស្របតាមទស្សនវិស័យ ដែលមានរយៈពេលវែង ដើម្បីធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសឈានមុខគេខាងបច្ចេកវិទ្យាឌីជីថល។ ឌីជីថលកម្ពុជា ២០២០ រំលេចនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងសង្កត់ធ្ងន់លើអាទិភាព ដែលយើងដាក់លើការបង្កើនធនធានមនុស្ស ខាងវិស័យឌីជីថលនៅកម្ពុជា។
លោករដ្ឋមន្រ្តី បានសម្ដែងការជឿជាក់ថា ការគាំទ្រដល់ការអភិវឌ្ឍន៍ជំនាញរបស់យុវជន ដែលមានទេពកោសល្យ នឹងរួមចំណែកដល់ការសម្រេចបាន នូវយុទ្ធសាស្ត្រចតុកោណសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៦ ជាពិសេសការរៀបចំសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។
ព្រឹត្តិការណ៍ដ៏អស្ចារ្យឈានមុខនៅក្នុងប្រទេស ឌីជីថលកម្ពុជា ត្រូវបានត្រឡប់មកវិញជាលើកទីពីរ នៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២០នេះ មានរយៈពេលបីថ្ងៃ និងមានអ្នកចូលរួមជាច្រើនរួមមាន អ្នកជំនាញឌីជីថល ទាំងក្នុងស្រុក ក្នុងតំបន់និងអន្តរជាតិ សហគ្រិន និង អ្នកគាំទ្រវិស័យឌីជីថល ដែលនឹងប្រមូលផ្តុំគ្នានៅសាលពិព័រណ៍កោះពេជ្រ ក្នុងព្រឹត្តិការណ៍ឌីជីថលកម្ពុជាខាងមុខនេះ ដោយរួមបញ្ចូលកម្មវិធីពិសេសៗបន្ថែមទៀត ព្រមទាំងមានការចូលរួម ពីសំណាក់វាគ្មិនដ៏មានបទពិសោធន៍ជាច្រើនរូប។
លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថាន NIPTICT បានថ្លែងថា វិទ្យាស្ថានជាតិឯកទេសទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានមានមោទនភាពណាស់ ចំពោះកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការបង្កើតវេទិកាដ៏ឆ្នើមអស្ចារ្យមួយនេះ ក៏ដូចជាដើម្បីកសាងអនាគតវិស័យឌីជីថលរបស់ប្រទេសកម្ពុជា និងលើកកម្ពស់ប្រទេសកម្ពុជាឲ្យក្លាយជាអ្នកដឹកនាំនាំមុខ វិស័យបច្ចេកវិទ្យាឌីជីថល។ ស្របតាមគោលដៅដែលបានចែងរបស់យើង ក្នុងការកសាងអនាគតវិស័យឌីជីថលរបស់ប្រទេសកម្ពុជា ប្រធានបទសម្រាប់ឆ្នាំ ២០២០ គឺមនុស្សដែលមានទេពកោសល្យឌីជីថល។ ព្រឹត្តិការណ៍ឌីជីថលកម្ពុជា ២០២០ នឹងពង្រឹងវិស័យឌីជីថល និងព័ត៌មានវិទ្យា និងទូរគមនាគមន៍ឲ្យក្លាយជាវិស័យ ដែលមានតួនាទីសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ដោយឡែកលោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាមូលនិធិ ស.អ CBRD បានថ្លែងថា ព្រឹត្តិការណ៍ឌីជីថលកម្ពុជា ២០២០ បានចូលរួមចំណែកក្នុងការសម្រេចបាន នូវផែនការកសាងសមិទ្ធផលឆ្នាំ ២០១៩-២០២០ និងការស្រាវជ្រាវនិងការអភិវឌ្ឍន៍ នៃវិស័យ បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ដែលបង្កើតឡើង ដោយក្រុមប្រឹក្សាមូលនិធិស.អ CBRD ដើម្បី ទី១ការលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់បច្ចេកវិទ្យាព័ត៌មាន។ ទី២ការជំរុញឲ្យមានការស្រាវជ្រាវ និងការអភិវឌ្ឍន៍ក៏ដូចជាការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទី ៣ ការជំរុញឲ្យមានការអភិវឌ្ឍន៍អ្នកចាប់ផ្តើម អាជីវកម្មបច្ចេកវិទ្យថ្មី។
គួរបញ្ចាក់ថា ព្រឹត្តិការណ៍ឌីជីថលកម្ពុជា ២០២០ នឹងមានការចូលរួមពីសំណាក់ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងពត៌មានវិទ្យា និងមានវាគ្មិនប្រមាណ ១២០ នាក់ ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលផងដែរ ព្រឹត្តិការណ៍នេះមានការតាំងពិព័ណ៍ប្រមាណជា ២០០ស្ដង់ និងសង្ឃឹមថានឹងមានអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះជាង ៣០,០០០នាក់ មកពីស្ថាប័នជាតិ និងអន្តរជាតិដែលរួមមានស្ថាប័នរដ្ឋាភិបាល ស្ថាប័នការទូត ប្រតិបត្តិករទូរគមនាគមន៍ក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ក្រុមហ៊ុនអភិវឌ្ឍន៍ឌីជីថល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ្នកចាប់ផ្តើមអាជីវកម្មថ្មី អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំនិងដៃគូអភិវឌ្ឍន៍។
រួមជាមួយ NIPTICT ក៏មានការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋាភិបាល រួមមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំយុវជននិងកីឡា ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានការសហការពីអង្គការដែលមកពីវិស័យឯកជន ដែលជាអ្នកឧបត្ថម្ភ និងអ្នករួមចំណែកដ៏ធំ រួមមាន Smart Axiata, Cellcard និង Metfone ដៃគូសហការ5G រួមមាន ក្រុមហ៊ុន Huawei ដៃគូសហការ Fintech រួមមាន UnionPay និង Wing ដៃគូធនាគារ PPCBank ដៃគូអុីនធឺណិត Ezecom ដៃគូរ smart house LG ដៃគូសណ្ឋាគារ Raffles Hotel Le Royal ដៃគូភេសជ្ជៈ Angkor Beverage ដៃគូហេដ្ឋារចនាសម្ព័ន្ធ Edotco ដៃគូធ្វើដំណើរ Grab, ដៃគូ ចាប់ផ្តើមអាជីវកម្មថ្មី ដែលជាសហគ្រាសខ្មែរ អ្នកឧបត្ថម្ភដទៃទៀត រួមមាន Seatel, Visa និង TrueMoney និងអ្នកសហការអ្នករៀបចំកម្មវិធីរួមមាន ក្រុមហ៊ុន Sabay និង ក្រុមហ៊ុន Compass Advertising៕