(ព្រះវិហារ)៖ នៅវេលាថ្ងៃត្រង់ទី៤ ខែមីនា ឆ្នាំ២០២០នេះ លោក គោ ស៊ុំប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ដល់ទីតាំង ដែលសមត្ថកិច្ចបង្រ្កាបបាន ទីតាំងសន្និធិឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងចំណុចភូមិបុស្ស ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោក គោ ស៊ុំប៊ុនសឿត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ការចុះទៅពិនិត្យផ្ទាល់ជាក់ស្តែង ដល់ទីតាំងគំនរឈើដែលសមត្ថកិច្ចបង្រ្កាបបាននេះ គឺក្នុងទិសដៅលើកទឹកចិត្ត ដល់សមត្ថកិច្ចដែលបានខិតខំបង្រ្កាប និងម្យ៉ាងទៀត ចង់ដឹងពីតួលេខពិតប្រាកដ នៃចំនួនឈើ ព្រោះអីមានព័ត៌មានខ្លះថា សមត្ថកិច្ចបង្រ្កាបបានរហូត ២០០ទៅ ៣០០ម៉ែត្រគូបឯណោះ។ ពេលដែលលោកចុះពិនិត្យជាក់ស្តែងឃើញគំនរឈើ ដែលបង្រ្កាបបានមានប្រហែល ២០ទៅ ២៥ម៉ែត្រ គូបប៉ុណ្ណោះ។
លោកអភិបាលរងខេត្ត បានណែនាំឲ្យសមត្ថកិច្ចធ្វើយ៉ាងណាបន្តខិតខំបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ឲ្យដូចភ្លៀងរលឹម ដោយអនុវត្តឲ្យបាន តាមបទបញ្ជា និងការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមិនត្រូវធ្វើការលើកលែងជាដាច់ខាត។
លោក គោ ស៊ុំប៊ុនសឿត ក៏បានវាយតម្លៃ និងអរគុណលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានដឹកនាំកម្លាំងសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ ធ្វើការបង្រ្កាបបានទីតាំងគំនរឈើដេលខុសច្បាប់នេះ។ ជាមួយគ្នានេះដែរ លោកក៏បានណែនាំឲ្យជំនាញរដ្ឋបាលព្រៃឈើ ត្រូវដឹកជញ្ជូនឈើនេះយកទៅរក្សាទុក និងធ្វើការវាស់វែងឲ្យបានត្រឹមត្រូវ៕