(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានប្រារព្ធធ្វើសន្និបាតវាយតម្លៃអំពីលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០។
អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ឆ្នាំ២០១៩កន្លងទៅនេះជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៦ នៃរដ្ឋសភា។
លោកថា សន្និបាតនាពេលនេះ គឺជាឱកាសដ៏សមស្របសម្រាប់យើងរួមគ្នាធ្វើការវាយតម្លៃ អំពីលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពង់ចាម ខិតខំប្រឹង ប្រែងសម្រេចបានទាំងក្នុងក្របខណ្ឌ នៃតួនាទីភារកិច្ច ស្របតាមច្បាប់កំណត់កិច្ចការសហការសម្របសម្រួលអន្តរស្ថាប័ន និងកិច្ចការនានាតាមការដឹកនាំ និងបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា «លើមូលដ្ឋាន នៃការវាយតម្លៃបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ លើសមិទ្ធផលបទពិសោធន៍ ដែលទទួលបាន និងបញ្ហាប្រឈម ដែលនៅសេសសល់ យើងរួមគ្នាធ្វើការ និងកំណត់ទិសដៅការងារក្នុងឆ្នាំ២០២០ ដើម្បីបន្តអនុវត្តកម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»។
លោកអភិបាលខេត្តបន្តថា «ដូចឆ្នាំមុនដែរ សន្និបាទរបស់រដ្ឋបាលខេត្តនាពេលនេះ ក្នុងគោលបំណងរៀបចំទិសដៅផែនការសកម្មភាពរបស់ខ្លួន ឱ្យមានសង្គតិភាពជាមួយទិសដៅការងារ និងគោលការណ៍ណែនាំនានារបស់ថ្នាក់ជាតិ។ ទន្ទឹមនេះសន្និបាតក៏នឹងធ្វើការបែងចែកក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីប្រមែប្រមូលធាតុចូលពីសមាជិកសមាជិកា នៃអង្គសន្និបាត សម្រាប់បំពេញបន្ថែមលើខ្លឹមសាររបាយការណ៍និងទិសដៅ ព្រមទាំងគោលការណ៍សំខាន់ៗ សម្រាប់អនុវត្តក្នុងឆ្នាំ ២០២០នេះបន្តទៀត»៕