(ភ្នំពេញ)៖ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានជំរុញឱ្យមេបញ្ជាការគ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព សូមចូលរួមគាំទ្របន្តយកចិត្តទុកដាក់ដល់នារី នៅក្នុងកងឯកភាព ផ្តល់ឱកាស និងបង្កលក្ខណៈឱ្យនារី បានបង្កើនសមត្ថភាពចំណេះដឹង ជំនាញ និងបំពេញតួនាទីភារកិច្ចឱ្យកាន់តែមានភាពប្រសើរឡើង ដោយសមធម៌ ដោយស្មើភាព និងគ្មានការរើសអើង ហើយមានការលើកទឹកចិត្ត និងទទួលស្គាល់នូវស្នាដៃនារី ធ្វើឱ្យមានសមភាព ក្នុងការបែងចែកផល ទៅតាមពលកម្មស្មើគ្នារវាងបុរស និងនារី។
ការជំរុញបែបនេះ របស់លោកស្រី ដាំ ដារីនី បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រី បានអញ្ជើញជាតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ អបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «មានសន្តិភាព មានការលើកម្ពស់សមភាពយេនឌ័រ» នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដែលមានយោធិននារីចូលរួម ចំនួន១០០០នាក់ មកពីបណ្តាកងឯកភាពចំណុះ ក្រសួងការពារជាតិ អគ្គបញ្ជាការគ្រប់ប្រភេទទ័ព ទូទាំងកងយោធពលខេមរភូមិន្ទ និងភ្ញៀវកិត្តិយសតំណាងក្រសួងស្ថប័នស៊ីវិល និងតំណាងគ្រួសារពលី។
ថ្លែងក្នុងពីធីសំណេះសំណាល ជាមួយយោធិននារីទាំង១,០០០នាក់ លោកស្រី ដាំ ដារីនី បានឱ្យដឹងថា ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ បានថ្លែងការកោតសរសើរ ចំពោះយោធិននារីគ្រប់រូប ដែលកន្លងមកបានបំពេញបេសកកម្ម ក្របកបដោយភាពអំណត់ព្យាយាមពុះពារគ្រប់ឧបសគ្គ ដើមី្បចូលរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព ការពារបូរណភាពដែនដី ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ។
លោកស្រីរដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានកោតសរសើ ចំពោះកងកម្លាំងនារីរបស់កម្ពុជា ដែលបានចូលរួមក្នុងការថែរក្សា សន្តិភាពបោស សំអាតមីន និងកាកសំណល់សង្រ្គាម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងពេលបច្ចុប្បន្នយើងបានបញ្ជូនកងកម្លាំងជានារី លើសផែនការកំណត់ និងទទួលបានការកោតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំអង្គការ សហសប្រជាជាតិ លើការអនុវត្តការងារប្រកប ដោយការទទួលខុសត្រូវ និងគោរព វិន័យបានល្អ។
លោកស្រីបន្តថា ក្នុងនោះវិស័យកីឡាលើឆាកអន្តរជាតិយោធិននារី ក៏សម្រេចបានស្នាដៃ និងលទ្ធផលជោគជ័យ ជាបន្តបន្ទាប់។ ក្រៅពីការងារស្នូល ក្នុងការងារសង្គមយោធិននារី ក៏បានចូលរួមចំណែកក្នុងការចុះជួយសង្រ្គោះប្រជាជនបានទាន់ពេលវេលា ក្នុងពេលមានគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយថាហេតុ សម្រេចបានស្នាដៃ និងលទ្ធផលជោគជ័យជាបន្តបន្ទាប់។ ក្នុងពេលបច្ចុប្បន្នយោធិនារី ក្នុងកងយោធពលខេមរភូមិន្ទ។
លោកស្រី ដាំ ដារិនី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ លើកម្ពស់សមភាពយេនឌ័រ នៅក្នុងក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបានដាក់ចេញនូវគោលនយោបាយ និងយន្តការច្បាប់ជាច្រើន ដើមី្បសមភាពយេនឌ័រ សំដៅលើកកម្ពស់ស្ថានភាពសិទ្ធិ ឋានៈ និងតួនារី របស់ស្ត្រីឱ្យកាន់តែមានភាពល្អប្រសើរឡើង ប្រកបដោយសមធម៌ គាំទ្រឱ្យសម្រេចបាននូវ សមភាពពិតប្រាកដរវាងបុរស និងស្ត្រី ដោយទទួលស្គាល់ថា «ស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ» និងបានចាត់ទុកស្ត្រីជាកម្លាំង ដែលមិនអាចខ្វះ បានក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកស្រីរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា កត្តាសន្តិភាព ដែលបានប្រែក្លាយ ប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែងចែកទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាពប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្ដាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោកជាពិសេសសមភាពយេនឌ័រ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ប្រកបដោយលទ្ធផលជាវិជ្ជាមានគួរឱ្យកត់សម្គាល់។ មានសន្តិភាពទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅ ដ៏សុខសាន្តសម្បូរសប្បាយរបស់ប្រជាជនដូចសព្វថ្ងៃ។
លោកស្រី ដាំ ដារិនី ក៏បានផ្តាំផ្ញើរដល់យោធិននារីទាំង ១,០០០នាក់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព ត្រូវខិតខំពង្រឹង សមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញក្នុងការបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់គោរពឱ្យបានម៉ត់ចត់នូវវិន័យ និងបទបញ្ជា របស់កងទ័ព ប្រកបដោយសក្តានុពល ដើមី្បសមាហរណកម្មខ្លួនចូលក្នុងភារកិច្ច ការពារជាតិ ស្របតាមការរីកចម្រើនលើវិទ្យាសាស្ត្រ បច្ចេកវិជ្ជា ក្នុងពេលបច្ចុប្បន្ន និងកិច្ចអភិវឌ្ឍន៍សង្គម ប្រកបដោយសមភាព ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្បលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានល្អ និងគង់វង្ស។
លោកស្រីបានបន្ថែមថា ការចូលរួមដោយឆន្ទៈ ការលះបង់ប្រកបដោយសុទិដ្ឋិនិយម គឺជាកត្តាដែលមិនអាចខ្វះបាន ដើម្បីបន្តអភិវឌ្ឍន៍ និងចូលរួមក្នុងកិច្ចការពារជាតិ និងប្រជាជន៕