(កំពង់ចាម)៖ ដោយសារកន្លងមក មានភាពអនាធិបតេយ្យ នៃអាជីវករដឹកជញ្ជូនត្រីលក់ និងការប៉ះពាល់ដល់បរិស្ថាន មានទឹកហូរចេញពីឡានដឹកត្រីដក់ បង្កឲ្យមានផល ប៉ះពាល់ដល់សាធារណជន ទើបនៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ អភិបាលរងខេត្តកំពង់ចាម លោក កែវ នាឬទ្ធិ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយ ចំណតថ្ទេរត្រី ដល់ក្រុមអាជីវករដឹកជញ្ជូនផលនេសាទ ក្នុងក្រុងកំពង់ចាម ដែលរៀបចំដោយខណ្ឌរដ្ឋបាលជលផលកំពង់ចាម ព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងឱកាសនោះ លោក កែវ ណារិទ្ធ អភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរក្រុង ធ្វើយ៉ាងណាត្រូវរៀបចំសណ្តាប់ធ្នាប់ លើកកម្ពស់សោភ័ណ្ឌភាពក្រុង ដោយមិនឲ្យមាន ការបង្កភាពអនាធិបតេយ្យប៉ះពាល់ ដល់បរិស្ថាន និងរំខានដល់ការរស់នៅ ឬការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋឡើយ។
ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្ត បានតម្រូវឲ្យរថយន្តដឹកត្រីទាំងអស់ ត្រូវចូលទៅផ្ទេរត្រីនៅកន្លែង ដែលមានការរៀបចំត្រឹមត្រូវ។ ចំណែកម្ចាស់ទីតាំងដេប៉ូត្រី ត្រូវបង្កលក្ខណៈងាយស្រួល ដល់ក្រុមអាជីវករ និងត្រូវមានការរៀបចំកិច្ចសន្យា ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានភាគីណាមួយ រំលោភទៅលើភាគីណាមួយ។ ជាពិសេស ម្ចាស់ទីតាំងដេប៉ូត្រី ធ្វើយ៉ាងណារៀបចំ កុំឲ្យមានការប៉ះពាល់ដល់បរិស្ថាន គឺត្រូវរៀបចំអនាម័យឲ្យបានស្អាត ល្អជាប្រចាំផងដែរ។
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយយោងតាមចំណារឯកភាពពី លោកអភិបាលខេត្តកំពង់ចាម លើសំណើរបស់លោកស្រី វ៉ា ណាវីន ដែលបានស្នើសុំរៀបចំទីតាំងចំណតផ្ទេរត្រី និងទីតាំងធ្វើអាជីវកម្មទិញ-លក់ផលនេសាទ១កន្លែង នៅតំបន់ទន្លេអុំ ក្រុងកំពង់ចាម។
ជាមួយគ្នានេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះផ្សព្វផ្សាយដល់អាជីវករ ដើម្បីឲ្យក្រុមអាជីវករចូលទៅលក់ដូរ នៅចំណតផ្ទេរត្រីទន្លេអុំ ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ លើកកម្ពស់សោភ័ណ្ឌភាព ការផ្តល់សេវាអនាម័យក្នុងក្រុង និងងាយស្រួលក្នុងការចែកចាយបន្ត ដល់អាជីវករលក់ដូរ តាមទីផ្សារនានា ក្នុងក្រុង-ស្រុកទូទាំងខេត្តកំពង់ចាម៕