(ភ្នពេញ)៖លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយនឹងគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដើម្បីពិភាក្សា និងស្វែងរកយន្តការ ការពារផលប៉ះពាល់ជាសក្តានុពល ដែលបណ្តាលមកពី ការរីករាលដាលជាសកលនៃវីរុស Covid-19 មកលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំនោះ អគ្គនាយកត្រួតពិនិត្យនៃ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការ៣ចំណុច ដើម្បីជួយសម្រប់សម្រួល ក៏ដូចជាការពារផលប៉ះពាល់ពីការរីករាលដាលនៃវីរុស Covid-19។
វិធានការទាំង ៣ចំណុចនោះមាន៖
*ទី១ ៖ ត្រូវបន្តផ្តល់ឥណទានឱ្យកាន់តែសកម្ម ដល់វិស័យអទិភាព ដើម្បីធានានិរន្តភាពអាជីវកម្មទាំងនោះ
*ទី២ ៖ រក្សាភាពទន់ភ្លន់តាមលទ្ធភាពជាក់ស្តែង តាមរយៈការពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយ និងពន្យារពេលនៃការសងប្រាក់ដើម និងការប្រាក់ ពិសេសចំពោះម្ចាស់អាជីវកម្ម ក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យពាក់ព័ន្ធទេសចរណ៍ជាដើម
*ទី៣ ៖ បន្តតាមដាន និងដាក់ចេញវិធានការការពារការរីករាលដាលនៃវីរុស Covid-19 ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តរភាពប្រតិបត្តិការ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រក្រតី។
នៅក្នុងកិច្ចប្រជុំនោះផងដែរ តំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ បានបង្ហាញពីវិធានការផ្ទៃក្នុង របស់ខ្លួនដែលបានត្រៀមរួចជាស្រេច ក្នុងការទប់ទល់ការរីករាលដាលនៃវីរុស Covid-19 និងផលអវិជ្ជមានជាយថាហេតុផ្សេងទៀត៕