(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ក្នុងការបែងចែកតួនាទីភារកិច្ចរបស់គណៈកម្មការ អនុគណៈកម្មការ និងការទទួលខុសត្រូវក្នុងការរៀបចំពិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ឆ្នាំ២០២០។
លោក ម៉ែន វិបុល បានផ្ដាំផ្ញើអនុគណៈកម្មការ និងក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំ ធ្វើផែនការលម្អិត និងលើកគម្រោងចំណាយនៅក្នុងអនុគណៈកម្មការ និងក្រុមការងារនីមួយៗ ឲ្យបានច្បាស់លាស់ ដើម្បីរៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀងឲ្យបានរលូនតាមការគ្រោងទុក ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២០ខាងមុខ ឲ្យទទួលបានលទ្ធផលជោគជ័យ និងបង្កភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា និងលេងកម្សាន្តប្រកបដោយសន្តិសុខសុវត្ថិភាពល្អប្រសើរ។
សូមបញ្ជាក់ថា ខេត្តស្វាយរៀង នៅឆ្នាំ២០១៩នេះកន្លងទៅនេះ ទទួលបានជោគជ័យជាប់ចំណាត់ថ្នាក់លេខ២ ដែលមានមនុស្សចូលរួមដើរលេងកម្សាន្តសប្បាយ ជាង៤៦ម៉ឺននាក់ ខណៈខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់លេខ១ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង ៩២ម៉ឺននាក់ តាមពីក្រោយខេត្តដែលជាប់ចំណាត់ថ្នាក់លេខ៣ គឺខេត្តកំពង់ចាម ដែលមានអ្នកទៅកម្សាន្តជាង ៤៥ម៉ឺននាក់៕