(ភ្នំពេញ)៖ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាម តាមការស្ម័គ្រចិត្តក្នុងគោលបំណងជួយឧបត្ថម្ភ និងជួយសង្គ្រោះជនរងគ្រោះ ឬអ្នកខ្វះឈាមទូទាំងប្រទេស។
កម្មវិធីមនុស្សធម៌ និងសប្បុរសធម៌នេះ ត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ នៃក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា។ នេះជាលើកទី៥ហើយ ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងរ៉ែ និងថាមពល រួមគ្នាចូលរួមសកម្មភាពសង្គម ដើម្បីកិច្ចការមនុស្សធម៌។
លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ នៃក្រសួងរ៉ែ និងថាមពល ក៏ដូចជាប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមទាំងអស់គ្នា។ លោកថ្លែងថា ការផ្តល់ឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះឈាមមួយប្លោកអាចជួយជីវិតមនុស្សម្នាក់បាន។
មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងពេលខ្លះយើងផ្តល់ម្តង គឺយើងសង្ឈឹមក្នុងចិត្តថា យើងជួយជីវិតមនុស្សម្នាក់។ ហេតុដូច្នេះហើយ ជាទូទៅក្រសួងរ៉ែ និងថាមពល តែងតែបន្តផ្តល់ជាញឹកញាប់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សឲ្យបានកាន់តែច្រើន»។
លោក ឌិត ទីណា បានបន្តថា ជាទូទៅក្នុងរយៈពេល៣ ទៅ៤ខែ គេអាចផ្តល់ឈាមម្តងបាន អញ្ចឹងក្នុងមួយឆ្នាំ គេអាចផ្តល់ឈាមប្រហែលជា ៣ ទៅ៤ដងផងដែរ។ លោកបន្ថែមថា បើសិនជាអ្នកទាំងអស់គ្នាគិតដូចគ្នាថា ១ឆ្នាំ គេអាចជួយជីវិតមនុស្សពី៣ ទៅ៤នាក់ យើងនឹងខំប្រឹងប្រែងបន្តជាមួយគ្នា ព្រោះមនុស្សផ្តល់ឈាមកាន់តែច្រើន និងផ្តល់កាន់តែជាប់ជាប្រចាំ ធ្វើឲ្យជីវិតមនុស្សរក្សាបាន កាន់តែប្រសើរដូចគ្នា។
សូមបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បាននិងកំពុងរៀបចំកម្មវិធីបរិច្ចាគឈាម នៅជាន់ទី៤ នៃទីស្តីការក្រសួង។ ព្រឹត្តិការណ៍នេះ គឺជាការរួមចំណែកលើកស្ទួយ វិស័យសុខាភិបាល និងសុខុមាលភាពសង្គម ព្រមទាំងជាការបញ្ជាក់អំពីចិត្តសប្បុរស និងទឹកចិត្តអាណិតស្រឡាញ់ ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ នៃក្រសួងរ៉ែ និងអាជ្ញាធរអគ្គិសនីកម្ពុជា ចំពោះជនរួមជាតិគ្រប់រូប ដែលមានតម្រូវការឈាមជាបន្ទាន់ក្នុងគ្រាអាសន្ន៕