(ភ្នំពេញ)៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកច្រានចោលទាំងស្រុងចំពោះព័ត៌មានដែលចោទប្រកាន់ថា អាវុធហត្ថលើផ្ទៃប្រទេស អល់អែកក្នុងការអនុវត្តច្បាប់ លើការបង្ក្រាបបទលល្មើសព្រៃឈើ នៅតំបន់កន្ទុយនាគ ក្នុងខេត្តរតនគិរី។
អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអះអាងថា ក្រុមការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះដល់តំបន់កន្ទុយនាគ ស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យ ស្រុកតាវែង ខេត្តរតនគិរី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ហើយបានបញ្ចប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
ជាវិធានការ គឺបានចាប់យកឈើល្មើសច្បាប់ (មូល និងឡាំងជ្រុង) សរុបចំនួន២,០៦៨កំណាត់ (ឆេះ១៨១កំណាត់) ប្រគល់ជូនអាជ្ញាធរថ្នាក់ខេត្តគ្រប់គ្រង ថែរក្សា ការពារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី។ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បង្កើតដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គឺអនុវត្តតួនាទី ភារកិច្ចទៅតាមច្បាប់ មានបទល្មើសត្រូវតែបង្ក្រាប មិនមានអ្វីអល់អែកនោះទេ។
គណៈកម្មការជាតិ បានថែរក្សា ការពារផល អនុផលព្រៃឈើដែលជាវត្ថុតាងនៃបទល្មើស សម្រាប់ដាក់ឲ្យដេញថ្លៃ ឬពិគ្រោះថ្លៃជាបន្តបន្ទាប់ ដើម្បីប្រមូលថវិកាជូនជាតិ ជាក់ស្តែងឈើចំនួន៧,៣៨៥.៩០៧ម៉ែត្រត្រីគុណ នៅក្នុងខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ត្រូវបានដេញថ្លៃរួចរាល់៕