(ភ្នំពេញ)៖ លោក គង់ សោភ័ណ្ឌ ឋានន្តរស័ក្ដិឧត្តមមន្ត្រីថ្នាក់លេខ៥ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល តាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាអភិបាលខេត្តកណ្តាលថ្មី ជំនួសលោក ម៉ៅ ភិរុណ ដែលត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្តវិញ។
អ្នកស្គាល់លោក គង់ សោភ័ណ្ឌ បានឲ្យដឹងថា លោកជាមន្រ្តីម្នាក់ដែលមានសមត្ថភាព និងទទួលបានការកោតសរសើរលើការបំពេញភារកិច្ច របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
ប្រជាពលរដ្ឋសង្ឃឹមយ៉ាងជឿជាក់ថា ក្រោយប្រកាសឲ្យចូលកាន់តំណែងជាអភិបាលខេត្តកណ្តាល នឹងនឹងខិតខំប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្ត ជួយដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព។
តើលោក គង់ សោភ័ណ្ឌ ជានរណា?
*ទី១៖ ជីវប្រវត្តិសង្ខេបរបស់លោក គង់ សោភ័ណ្ឌ
* ឈ្មោះពេញ៖ គង់ សោភ័ណ្ឌ
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៧៣ (អាយុ៤៧ ឆ្នាំ)
* ស្រុកកំណើត៖ សង្កាត់លេខ៣ រាជធានីភ្នំពេញ
* ភរិយា៖ ថេង ពុទ្ធិតា (អាយុ ៣៦ឆ្នាំ) មុខរបរប្រកបអាជីវកម្មឡឥដ្ឋ
* កូន៖ កូនស្រីចំនួន ២នាក់ (កូនសិស្ស)
*ឪពុក៖ ហ៊ុន ហេងគង់ (អាយុ ៧៦ឆ្នាំ) ជាមន្ត្រីចូលនិវត្តន៍
* ម្ដាយ៖ ទូច សារុន (អាយុ ៧៤ឆ្នាំ) ជាស្ត្រីមេផ្ទះ
*ទី២ ៖ ជីវប្រវត្តិ នៃការរស់នៅមុននិងក្រោយ សម័យប៉ុលពត និងកម្រិតវប្បធម៌របស់លោក គង់ សោភ័ណ្ឌ
*ចាប់តាំងពីថ្ងៃកំណើត លោក និងក្រុមគ្រួសាររស់នៅរាជធានីភ្នំពេញ ហើយចូលដល់សម័យប៉ុលពត ក្រុមគ្រួសាររបស់លោកត្រូវជម្លៀសទៅរស់នៅខេត្តតាកែវ
*ក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ លោក និងក្រុមគ្រួសារមករស់នៅភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យ និងរៀននៅសាលាកំរិតសិក្សាទី១ ស្ទឹងមានជ័យ រួចបន្តរៀនសាលាកំរិតសិក្សាទី២សាមគ្គី ហើយបន្តរៀនសាលាកំរិតសិក្សាទី៣ទួលគោក (សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ១៩៩០)
*នៅឆ្នាំ១៩៩៥ លោកបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (បរិញ្ញាបត្ររូបវិទ្យា)
*នៅឆ្នាំ១៩៩៨ លោកបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ក្របខណ្ឌមន្ត្រីជាន់ខ្ពស់ (ជំនាញមន្ត្រីរដ្ឋបាលសាធារណៈ)
*នៅឆ្នាំ២០០០ លោកបានបញ្ជប់ការសិក្សាផ្នែកភាសាអង់គ្លេស នៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ
*នៅឆ្នាំ២០០២ បានបញ្ចប់ការសិក្សានៅអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ (វិញ្ញាបនបត្រការកសាងផែនការអភិវឌ្ឍន៍ឃុំ )
* នៅឆ្នាំ២០០៤ បានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (បរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ)
*នៅឆ្នាំ២០០៦ បានបញ្ជប់ការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ (បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រង)
*ឆ្នាំ២០០៨ បានបន្តសិក្សាថ្នាក់បណ្ឌិតច្បាប់ នៅសាលារាជបណ្ឌិតសភាកម្ពុជា។
*ទី៣៖ បទពិសោធន៍ការងារក្រោយបញ្ចប់ការសិក្សារបស់លោក គង់ សោភ័ណ្ឌ
*លោក គង់ សោភ័ណ្ឌ បានចូលបំរើការងារនៅក្របខណ្ឌរដ្ឋនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៩៨
*ឆ្នាំ១៩៩៨-១៩៩៩ លោក គង់ សោភ័ណ្ឌ មានមុខងារជាជំនួយការខុទ្ទកាល័យសាលាខេត្តកណ្ដាល
* ឆ្នាំ១៩៩៩-២០០៩ លោកបានតំណែងជាអភិបាលរងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
*ឆ្នាំ២០០៩-២០១៧ លោកត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
*ឆ្នាំ២០១៧ លោកត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល
*ឆ្នាំ២០១៧ ដដែល បន្ទាប់ពីបានកាន់តំណែងជាអភិបាលស្រុកល្វាឯមបាន ប្រមាណ៥ខែ លោកត្រូវបានតំលើងទៅជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល
* នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល តាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
*ទី៤៖ ស្នាដៃ និងការសរសើរជូនរង្វាន់
*ឆ្នាំ២០០៨ យោងតាមព្រះរាជក្រឹត្យ លោក គង់ សោភ័ណ្ឌ ទទួលបានមេដាយថ្នាក់ធិបឌិន្ទ ក្នុងការកសាង និងសម្រេចបាននូវស្នាដៃល្អ ក្នុងការបំពេញភារកិច្ចជូនអង្គភាព ពីក្រសួងព្រះបរមរាជវាំង
*ឆ្នាំ២០១០ យោងតាមព្រះរាជក្រឹត្យ លោក គង់ សោភ័ណ្ឌ ទទួលបានមេដាយ ព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ក្នុងការកសាង និងសម្រេចបាននូវស្នាដៃល្អក្នុងការបំពេញភារកិច្ចជូនអង្គភាព ពីក្រសួងព្រះបរមរាជវាំង
*ឆ្នាំ២០១២ យោងតាមព្រះរាជក្រឹត្យ លោក គង់ សោភ័ណ្ឌ ទទួលបានមេដាយ ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ក្នុងការកសាង និងសម្រេចបាននូវស្នាដៃល្អ ក្នុងការបំពេញភារកិច្ចជូនអង្គភាព ពីរាជរដ្ឋាបាលកម្ពុជា
*ឆ្នាំ២០១៧ យោងតាមព្រះរាជក្រឹត្យលោក គង់ សោភ័ណ្ឌ ទទួលបានមេដាយថ្នាក់ជាតូបការ ក្នុងការកសាង និងសម្រេចបាននូវស្នាដៃល្អក្នុងការបំពេញភារកិច្ចជូនអង្គភាព ពីក្រសួងព្រះបរមរាជវាំង
សូមជម្រាបជូនថា អភិបាលខេត្តកណ្ដាលមានចំនួន ១៣រូបហើយ ដែលគ្រប់គ្រងខេត្តកណ្ដាលចាប់តាំងពីឆ្នាំ១៩៧៩មក ហើយចុងក្រោយទី១៣នេះគឺលោក គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០៕