(ភ្នំពេញ)៖ លោក Cheah Fah Loong ជនជាតិម៉ាឡេស៊ី សញ្ជាតិសិង្ហបុរី ដែលបានធ្វើឱ្យប៉ះពាល់ដល់របាំព្រះរាជទ្រព្យខ្មែរ ត្រូវអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បិទទិដ្ឋាការមិនអនុញ្ញាតឱ្យ ចូលប្រទេសកម្ពុជាទៀតឡើយ។ នេះបើតាមមន្រ្តីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ដែលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

ការសម្រេចបិទនេះ បានធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសារតែបុរសជនជាតិម៉ាឡេស៊ីសញ្ជាតិសិង្ហបុរីរូបនោះ បានយករបាំព្រះរាជទ្រព្យ របស់កម្ពុជា ទៅសម្តែងដោយភ្ជាប់ជាមួយអាគមន៍អោមអាម ខុសពីវប្បធម៌ខ្មែរ។

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះថា «ក្រោយមានបទបញ្ជាពីសម្តេចប្រមុខរាជរដ្ឋាភិបាល នៅពេលនេះយើង (អគ្គនាយកដ្ឋានអន្តោប្រវេសន៍) បានដាក់ Black List លើជនបរទេសរូបនេះហើយ មិនអនុញ្ញាតឲ្យចូលកម្ពុជានោះឡើយ»

ក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ បានប្រកាសថា សម្តេចមិនអាចទទួលយកបានទេ នូវការសម្តែងរបាំព្រះរាជទ្រព្យ នៅប្រទេសសិង្ហបុរីបែបនោះទេ។

ជាមួយនឹងការចាត់ទុកថា ការសម្តែងបែបនេះ ជាការវាយប្រហារដល់របបរាជានិយម ព្រះមហាក្សត្រ និងរាជវង្សានុវង្ស សម្តេចតេជោ ក៏បានបញ្ជាឱ្យហាមឃាត់លោក Cheah Fah Loong ជនជាតិម៉ាឡេស៊ី សញ្ជាតិសង្ហបុរី ដែលរៀបចំរបាំព្រះរាជទ្រព្យដោយខុសឆ្គនេះ មិនចូលមកប្រទេសកម្ពុជាផងដែរ ប៉ុន្តែបើសិនជាជននេះសុំទោសចំពោះទោសកំហុសខ្លួន រាជរដ្ឋាភិបាលនឹងពិចារណា ក្នុងការអនុញ្ញាតឱ្យចូលមកកម្ពុជាវិញ។

ផ្តើមចេញពីរឿងនេះ កាលពីព្រឹកថ្ងៃទី៣ ខែមីនា សម្តេចតេជោ ហ៊ុន សែន ក៏បានចេញអនុក្រឹត្យដកចេញពីតំណែង លោក យាង វណ្ណី ដែលជាជំនួយការរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ឆែម គាតរិទ្ធី ផងដែរ៕