(ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខ ឆ្នាំ២០២០ របស់កងពលធំអន្តរាគមន៍លេខ៣ នៅខេត្តព្រះវិហារ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក បានកោតសរសើរ និងវាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាន របស់កងពលធំអន្តរាគមន៍លេខ៣ និងបណ្តាស្ថាប័ន-កងឯកភាពចំណុះ នៅក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ, ការពារបូរណទឹកដី និងចូលរួមនៅក្នុងការថែរក្សាសុខសន្តិភាព។ ទាំងអស់នេះផ្តើមឡើងពីការតាំងចិត្ត, ការប្តេជ្ញាចិត្តរួបរួមសាមគ្គីគ្នា និងស្មារតីស្នេហាជាតិរបស់យោធិនម្នាក់ៗ និងសូមគាំទ្រ និងជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែងឱ្យបានសកម្មខ្លាំងក្លាថែមទៀតសម្រាប់ឆ្នាំ២០២០ និងបណ្តាឆ្នាំខាងមុខ ហើយត្រូវធ្វើការដកពិសោធន៍, ពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបានមុនៗ ដើម្បីធានាបាននូវនិរន្តរភាពនៃប្រសិទ្ធភាពការងារ, ប្រព័ន្ធការងារឹងមាំ និងការកសាងពង្រឹងអង្គភាព រឹងមាំលើគ្រប់វិស័យ។
លោកឧត្តមសេនីយ៍បានបន្តថា ការធានាការពារឱ្យបាននូវរាល់សមិទ្ធផលសង្គម-សេដ្ឋកិច្ច ដែលកម្ពុជាខិតខំសម្រេចបានក្នុងរយៈពេលជាង៤០ ឆ្នាំចុងក្រោយនេះ ជាពិសេសការការពារឱ្យ បានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងការពង្រឹងតួនាទីសកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ តម្រូវឱ្យកងយោធពលខេមរភូមិន្ទ ត្រូវពឹងផ្អែកជាចម្បងលើការ អភិវឌ្ឍសមត្ថភាព និងបណ្តុះជាប់ជានិច្ចនូវមនសិការស្នេហាជាតិជាចាំបាច់ ដូចប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងវិវេចនាយុទ្ធសាស្ត្រការពារជាតិឆ្នាំ២០១៣ ដែលជំរុញឱ្យកងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវធ្វើការកែទម្រង់ឱ្យទៅជាកម្លាំងការពារជាតិដ៏រឹងមាំ មានវិន័យម៉ឺងម៉ាត់ និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ និងលើកតម្កើងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោកមេបញ្ជាការ បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់កងពលធំអន្តរាគមន៍លេខ៣ និងបណ្តាស្ថាប័ន-កងឯកភាពចំណុះ សូមរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងគោរពឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ។ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ក្នុងការលើកស្ទួយជីវភាពរស់នៅ និងសុខមាលភាពរបស់កងទ័ព និងត្រៀមកម្លាំង មធ្យោបាយ និងសម្ភារជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ ដែលបង្កឡើងដោយកត្តាមនុស្ស ឬធម្មជាតិ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឱ្យបានរហ័សបំផុត៕