(ភ្នំពេញ)៖ គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់នូវចក្ខុវិស័យដើម្បីជំរុញ និងធ្វើទំនើបកម្មឧស្សាហកម្មកម្ពុជា ពីឧស្សហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែក លើជំនាញត្រឹមឆ្នាំ២០២៥ ដោយដាក់ចេញនូវគោលដៅចម្បង៣។

ការដាក់ចេញគោលដៅសំខាន់ៗទាំង៣នោះ ធ្វើឡើងក្នុងឱកាសអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម (IDP) ក្នុងឆ្នាំ២០១៧-២០១៨» ដែលគ្រោងនឹងគោរពរាយការណ៍ ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាពេលខាងមុខនេះ។

គោលដៅចម្បង៣មានជាអាទិ៍៖

* គោលដៅទី១៖ កែប្រែ និងពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្ម ក្នុងសេដ្ឋកិច្ចជាតិដោយបង្កើនអនុបាតវិស័យឧស្សាហកម្ម ក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ឱ្យបាន ៣០% ដែលក្នុងនោះវិស័យកម្មន្តសាលត្រូវកើនដល់ ២០% នៅឆ្នាំ ២០២៥ ។

* គោលដៅទី២៖ បង្កើន និងធ្វើពិពិធកម្មមុខទំនិញនាំចេញ ដោយបង្កើនការនាំចេញទំនិញកម្មន្តសាល (មិនមែនវាយនភណ្ឌ) ឱ្យបាន១៥% នៃបរិមាណនាំចេញសរុប និងជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។

* គោលដៅទី៣៖ ពង្រឹងយន្តការគ្រប់គ្រង និងអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម តាមរយៈការជំរុញការចុះបញ្ជីជាផ្លូវការឱ្យបានពី៨០% ទៅ ៩០% នៅឆ្នាំ២០២៥ ដែលក្នុងនោះ៥០% ទៅ៧០% មានអភិបាលកិច្ចសាជីវកម្មល្អ ដោយមានបញ្ជីកាគណនេយ្យ និងតារាងតុល្យការត្រឹមត្រូវ។

«គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥» ដែលត្រូវបានដាក់ចេញ និងកំពុងអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា ជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មីមួយរបស់កម្ពុជា ផ្តោតសំខាន់លើការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព និងជំនាញរបស់កម្លាំងពលកម្មកម្ពុជា។

ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ក្នុងឆ្នាំ២០១៧ និង ២០១៨ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយផ្អែកលើលទ្ធផលសម្រេចបាននៃគោលដៅទាំង៣ ខាងលើ ព្រមទាំងវិធានការ ៤ដែលរួមមាន៖

១៖ ការរៀបចំ និងអនុវត្តផែនការបញ្ចុះថ្លៃអគ្គិសនី សម្រាប់វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម រួមទាំងការពង្រីកការលើកទឹកចិត្ត និងការពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្គត់ផ្គង់។
២៖ ការរៀបចំ និងអនុវត្តផែនការមេសម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម។
៣៖ ពង្រីក និងបន្តអភិវឌ្ឍន៍យន្តការគ្រប់គ្រងទីផ្សារពលកម្ម និងការបណ្តុះបណ្តាលជំនាញ។
៤៖ អភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលគ្រោងអនុវត្តតាមគោលការណ៍ តំបន់រដ្ឋបាលពិសេស ។

បន្ថែមលើនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជាការគិតគូរប្រកបដោយបុរេសកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំទស្សនាទានក្របខណ្ឌតាមដាន និងវាយតម្លៃពាក់កណ្តាលអាណត្តិ ដែលគ្រោងធ្វើឡើងក្នុងឆមាសទី១ ឆ្នាំ២០២១។

ក្របខណ្ឌនេះនឹងផ្តល់ការតម្រង់ទិស សម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាព ពាក់កណ្តាលអាណត្តិមួយ ដែលអាចឆ្លុះបញ្ចាំងពីគម្លាតលទ្ធផលសម្រេចបាន និងការរំពឹងទុក និងជាពិសេស ផ្តល់នូវមេរៀន និងបទពិសោធន៍ល្អៗ សម្រាប់ជាធាតុចូលក្នុងការកែតម្រូវវិធីសាស្រ្ត និងវិធានការជាក់លាក់មួយចំនួន ដើម្បីសម្រេចបាននូវលទ្ធផលកាន់តែប្រសើរ ក្នុងរយៈពេលពាក់កណ្តាលអាណត្តិចុងក្រោយ ។

ឲអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំ និងចូលរួមយ៉ាងសកម្មក្នុងការនាំមុខ និងអនុវត្តវិធានការនៃគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ព្រមទាំងលើកទឹកចិត្ត ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តខិតខំ និងផ្តល់កិច្ចសហការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមមុខសញ្ញា និងភាពពាក់ព័ន្ធរៀងៗខ្លួន៕