(ប៉ៃលិន)៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ទិសទី៣ យោភូមិភាគទី៥ ប្រមាណ ៥ពាន់នាក់ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ចូលមកដល់នាពេលខាងមុខ។
ពិធីនេះស្ថិតនៅទីតាំងគម្រោងទីតាំងសាងសង់ស្តុបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ក្នុងភូមិទឹកថ្លា សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ណាស់ចំពោះសុខ និងទុក្ខរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងបានកោតសរសើរចំពោះគំរូវីរៈភាពរបស់កងកម្លាំងទាំងអស់ ដែលបានខិតខំបំពេញកាតព្វកិច្ចបំរើជាតិមាតុភូមិប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះការការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនជាប់នឹងប្រទេសជិតខាង។
សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំឭកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បើទោះបីជាមានក្រុម ឬពួកណាចង់ធ្វើបដិវត្តន៍ពណ៌នោះ ក្នុងនាមយើងជាកងកម្លាំងត្រូវ ប្រឆាំងដាច់ខាត និងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ និងការពារព្រះមហាក្សត្រ ជាពិសេសគឺការពារសុខសន្តិភាព ព្រោះសន្តិភាពនេះហើយ ដែលធ្វើឱ្យយើងមានអ្វីៗ ដូចសព្វ ថ្ងៃនេះ។
ក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំណូមពរដល់កងកម្លាំង ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គី ភាពល្អ ជាមួយបណ្ដាប្រទេសជិតខាង ដើម្បីឲ្យព្រំដែនយើងទាំងអស់ក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រគល់ថវិកា ជូនកងកម្លាំងប្រដាប់អាវុធទិសទី៣ យោធភូមិភាគទី៥ និងផ្តល់ថវិកាជូនដល់នារី និងកងកម្លាំងនារីដែលចូលរួមក្នុងកម្មវិធីនោះ ដើម្បីអបអរសាទរក្នុងទិវាសិទ្ឋិនារី ៨មីនាផងដែរ៕