(អូស្ត្រាលី)៖ តបតាមការអញ្ជើញរបស់រដ្ឋបាលពន្ធដារអូស្ត្រាលី លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានពន្ធដារ រួមមាន លោក ជ័យ រិទ្ធី អនុប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ លោក ជុំ សូលីវណ្ណ ប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ និង លោក សូត្រ សារ៉េត ប្រធានការិយាល័យ នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ចូលរួមសិក្ខាសាលាស្តីពីកម្មវិធីដៃគូពហុភាគី (Multilateral Partners Program Workshop) រៀបចំដោយរដ្ឋបាលពន្ធដារអូស្ត្រាលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលសារពើពន្ធនិងមន្ត្រីជំនាញពាក់ព័ន្ធពីប្រទេសចំនួន ១៤ រួមមានកម្ពុជា អូស្ត្រាលី ហ្វីជី ឥណ្ឌូនេស៊ី ជប៉ុន កេនយ៉ា ម៉ាឡេស៊ី ណូវែលហ្សេឡង់ ប៉ាពូញូហ្គីនេ ហ្វីលីពីន សិង្ហបុរី ថៃ អ៊ុយហ្កាន់ដា និងវៀតណាម។
កម្មវិធីសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ធ្វើការពិភាក្សានិងចែករំលែកបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងការគ្រប់គ្រងប្រមូលចំណូល និងវិធានការប្រមូលចំណូល ព្រមទាំងវិធានការនានាទៅអនាគត ដោយផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖
១៖ ការគ្រប់គ្រងបំណុលពន្ធ (Debt Management) ដែលផ្តោតលើការអនុវត្តអភិក្រមនៃការទូទាត់ប្រាក់ពន្ធ (Payment Thinking Approach) ដែលជាការគិតគូររៀបចំជារំហូរការងារថ្មីមួយដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា សំដៅធ្វើយ៉ាងណាឱ្យការបង់ប្រាក់ពន្ធមានភាពងាយស្រួល និងការប្រមូលបំណុលពន្ធមានប្រសិទ្ធភាពខ្ពស់ ពោលគឺការផ្លាស់ប្តូរអភិក្រមក្នុងការប្រមូលប្រាក់ពន្ធនិងបំណុលពន្ធចាស់ ទៅអភិក្រមថ្មីដែលមានភាពជឿនលឿននិងយកចិត្តទុកដាក់ជាសំខាន់លើការពង្រឹងសេវាអ្នកជាប់ពន្ធ ព្រមទាំងវិធានការជំរុញនិងលើកទឹកចិត្តឱ្យអ្នកជាប់ពន្ធទូទាត់ប្រាក់ពន្ធ ដើម្បីចៀសវាងប្រាក់ពន្ធក្លាយជាបំណុលពន្ធ។
២៖ ការគ្រប់គ្រងទិន្នន័យ (Data Management)៖ ផ្តោតលើការប្រមូល និងការប្រើប្រាស់ទិន្នន័យដែលផ្តល់ឱ្យពីប្រភពភាគីទី៣ ក្នុងនោះរដ្ឋបាលសារពើពន្ធប្រទេសអូស្រ្តាលីបានកំណត់ចក្ខុវិស័យនៃគ្រប់គ្រងទិន្នន័យ។
៣៖ ទិន្នន័យ ព័ត៌មាន និងហានិភ័យ (Data, Information and Risk)៖ ផ្តោតលើការប្រមូលផ្តុំទិន្នន័យ និងលទ្ធភាពក្នុងការប្រើប្រាស់ទិន្នន័យ ដែលបានប្រែក្លាយជាព័ត៌មានសំខាន់ៗ ក្នុងការវិភាគនិងទប់ស្កាត់នូវហានិភ័យផ្សេងៗ។
៤៖ ភាពប្រឈមនៃចំណូលពន្ធនិងដំណោះស្រាយក្នុង បរិបទសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក (Digital Economy & E-Commerce)៖ ផ្តោតលើការវិភាគលើចរិតលក្ខណៈនៃអាជីវកម្មឌីជីថល, ទស្សនៈជាសាធារណៈ ស្តីពីការប្រមូលពន្ធលើវិស័យឌីជីថល, យុទ្ធសាស្រ្តរបស់រដ្ឋបាលសារពើពន្ធអូស្រ្តាលី ដើម្បីឆ្លើយតបនឹងសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក, ភាពខុសគ្នារវាងសកម្មភាពពាណិជ្ជកម្ម តាមបែបអេទ្បិចត្រូនិក, មូលដ្ឋានបទប្បញ្ញត្តិពាក់ព័ន្ធ, និងការអនុវត្តជំហានបន្ទាប់ របស់រដ្ឋបាលសារពើពន្ធ នៃប្រទេសអូស្ត្រាលី។
៥៖ វិធានការឆ្លើយតបនឹងសេដ្ឋកិច្ចស្រមោល (Shadow Economy)៖ ផ្តោតលើស្ថានភាពសេដ្ឋកិច្ចស្រមោល ក្នុងប្រទេសអូស្រ្តាលី, ការសិក្សា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាពនានា និងលទ្ធផលនៃការអនុវត្តវិធានការដែលរដ្ឋបាលសារពើពន្ធនៃប្រទេសអូស្ត្រាលី បានប្រើប្រាស់ដើម្បីឆ្លើយតបនឹងសេដ្ឋកិច្ចស្រមោល។
៦៖ ការកែទម្រង់ពន្ធអាករលើទំនិញ ឬសេវារបស់ប្រទេសអូស្រ្តាលី (Australian GST reforms)៖ បទពិសោធន៍ក្នុងការកែទម្រង់ពន្ធអាករលើទំនិញ ឬសេវារបស់ប្រទេសអូស្រ្តាលី ឆ្លើយតបនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការជំរុញអនុលោមភាពអ្នកជាប់ពន្ធ, វិធានការសម្រាប់ការបង្ការ និងទប់ស្កាត់ការគេចវេះពន្ធ ឬមិនបានបំពេញកាតព្វកិច្ចពន្ធបានត្រឹមត្រូវ, និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីគ្រប់គ្រងការប្រមូលពន្ធ។
តាមរយៈសិក្ខាសាលានេះ គណៈប្រតិភូរបស់អគ្គនាយកដ្ឋានពន្ធដារ បានទទួលនូវបទពិសោធន៍ និងគោលគំនិតថ្មីៗដែលប្រទេសជាសមាជិក បានអនុវត្តទទួលលទ្ធផលយ៉ាងល្អប្រសើរ និងបានធ្វើការផ្លាស់ប្តូរបទពិសោធន៍ ទៅលើចំណុចសំខាន់ៗមួយចំនួន ដែលជាចំណាប់អារម្មណ៍ និងជាគោលដៅកំណែទម្រង់ ដែលអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងអនុវត្ត។
គួរឱ្យកត់សម្គាល់ដែរថា ការអនុវត្តកំណែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារជារួម គឺស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ ពោល គឺទិសដៅអនុវត្តមួយចំនួន បានស្ថិតក្នុងក្របខ័ណ្ឌដែលប្រទេសរីកចម្រើននានា បាននិងកំពុងអនុវត្ត និងទិសដៅកែទម្រង់មួយចំនួនទៀត ក៏ស្ថិតក្នុងបរិបទដែលមានការយកចិត្តទុកដាក់ជារួម ពីបណ្តាលប្រទេសជាសមាជិកផងដែរ។
សិក្ខាសាលានេះ បានបញ្ចប់ដោយភាពជោគជ័យ និងសម្រេចបានលទ្ធផលជាផ្លែផ្កា ក្នុងស្មារតីសហការខ្ពស់ និងមានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ពីសំណាក់រដ្ឋបាលសារពើពន្ធនៃប្រទេសអូស្រ្តាលី ដែលលទ្ធផលដ៏ប្រសើរនេះ នឹងក្លាយជាបច្ច័យដើម្បីអគ្គនាយកដ្ឋានពន្ធដារបន្តអភិវឌ្ឍ ធ្វើទំនើបកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើង នូវការធ្វើកំណែទម្រង់របស់ អគ្គនាយកដ្ឋានពន្ធដារ ពិសេសក្នុងគោលដៅលើកកម្ពស់ ការផ្ដល់សេវាជូនអ្នកជាប់ពន្ធ ដោយមានគុណភាពខ្ពស់ ការលើកកម្ពស់អនុលោមភាពសារពើពន្ធ របស់អ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងបំណុលពន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់៕