(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិ បានរៀបចំកិច្ចប្រជុំលើកទី២ ក្រោមការចូលរួមពីលោក វេង សាខុន ប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ធ្វើការត្រួតពិនិត្យតាមដាន និងវាយតម្លៃលើលទ្ធផល សម្រេចបានពីការអនុវត្តច្បាប់ អនុក្រឹត្យ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងប្រមូលយកនូវរាល់មតិ បទពិសោធន៍ពីគ្រប់សមាជិកគណៈកម្មាធិការ អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំជាយុទ្ធសាស្រ្តដោះស្រាយ ជាប្រព័ន្ធនូវរាល់បញ្ហាដែលកំពុងតែកើតមាន ទាក់ទងការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើរបស់រដ្ឋវាទយកដីធ្វើជាកម្មសិទ្ធិ។
លោក វេង សាខុន បានឲ្យដឹងថា ជារួមក្នុងការអនុវត្តនីតិវិធីកន្លងមកឃើញថា បើទោះបីមានច្បាប់លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាល ប៉ុន្តែបញ្ហារំលោភកាន់កាប់ដីព្រៃឈើ របស់រដ្ឋនៅតែកើតមានជាបន្តបន្ទាប់ តាមគ្រប់រូបភាពជាអាទិ៍៖ ការកាប់រានដីព្រៃឈើធ្វើកសិកម្ម ពាណិជ្ជកម្ម សង់លំនៅឋាន ជនមានអំណាចបំផុសចលនា ប្រជាពលរដ្ឋក្រីក្រឱ្យកាប់ទន្ទ្រានដីព្រៃឈើ រួចធ្វើលិខិតទិញលក់ ផ្ទេរកម្មសិទ្ធិដោយមានការបញ្ជាក់ទទួលស្គាល់ពីរដ្ឋអំណាច។
គណៈកម្មាធិការជាតិបន្ថែមថា បញ្ហាទាំងអស់នេះ គឺជាចំណោទធ្ងន់ធ្ងរ ស្មុគស្មាញ ប្រទាក់ក្រឡាគ្នាដែលធ្វើឱ្យ គណៈកម្មាធិការជាតិមានការបារម្ភ ចំពោះការបាត់បង់ធនធានដីព្រៃឈើជាតិ នាពេលអនាគត។
លោកបានបន្ដថា ក្នុងនាមប្រធានគណ:កម្មាធិការជាតិ ទទួលយកនូវរាល់មតិយោបល់ និងសំណូមពរពីគ្រប់សមាជិកគណៈកម្មាធិការ ដែលជាធាតុចូលយ៉ាងសំខាន់ សម្រាប់ជាគ្រឹះក្នុងការកសាងសេចក្តីព្រាងសារាចរណែនាំ ស្តីពី វិធានការទប់ស្កាត់ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើរបស់រដ្ឋ វាទយកដីធ្វើជាកម្មសិទ្ធិជាដើម។
លោកប្រធានក៏បានលើកទឹកចិត្ត ដល់សមាជិកគណៈកម្មាធិការជាតិ អនុគណៈកម្មាធិការ ក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណ:អភិបាលខេត្ត ពិនិត្យលើសេចក្តីព្រាងសារាចរនេះ ឱ្យបានលម្អិត ស៊ីជម្រៅ ទូលំទូលាយ ក្នុងរង្វង់ក្រុមការងារជំនាញ និងក្រុមអនុគណៈកម្មាធិការ ដើម្បីឱ្យសេចក្តីព្រាងនេះមានសុគតភាព តម្លាភាព និងសុក្រឹត្យភាព និងស្របតាមខ្លឹមសារនៃ លិខិតបទដ្ឋានគតិយុត្ត ដែលនៅជាធរមានមុនដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច៕