(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឧបត្ថម្ភ ដល់វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ក្នុងប្រទេសកម្ពុជា និងសកលវិទ្យាល័យកនយ៉ាងស៊ាយប័រ (KYCU) មកពីសាធារណៈរដ្ឋកូរ៉េ រួមគ្នាបង្កើតកម្មវិធីសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសផ្នែកសក់ និងសម្ផស្សដំបូងបំផុតនៅកម្ពុជា។
គម្រោងមួយនេះ បានទទួលការគាំទ្រ និងសហការរវាងស្ថាប័នសិក្សាពីរ គឺវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសកលវិទ្យាល័យកនយ៉ាងស៊ាយប័រ ដោយផ្តល់ឱ្យនូវកម្មវិធីសិក្សាសញ្ញា បត្រជាន់ខ្ពស់ តាមរយៈការសិក្សាតាមអនឡាញ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍។
គម្រោងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍកម្មវិធីសិក្សាមូលដ្ឋានមួយ និងបង្កើតនូវនិរន្តភាពប្រព័ន្ធសេដ្ឋកិច្ចសម្រាប់ឧស្សាហកម្មថែរក្សាសក់ និងសម្ផស្ស ឱ្យបានល្អក៏ដូចជាការជំរុញនូវសកម្មភាពសង្គម និងសេដ្ឋកិច្ចនៃស្ត្រីកម្ពុជា ផងដែរ។
អ្នកស្រី អ៊ីម ម៊ុកជីន គឹជាសាស្ត្រាចារ្យម្នាក់ក្នុងចំណោមសាស្ត្រាចារ្យផ្សេងៗទៀត ដែលនឹងត្រូវជាសាស្ត្រាចារ្យបង្រៀនក្នុងមុខជំនាញនេះ ហើយគាត់ក៏ធ្លាប់ទទួលបានមេដាយមាស ពីកម្មវិធី the World Skills Competition and a K-Beauty Leader ផងដែរ។
កម្មវិធីសិក្សាតាមអនឡាញនេះ នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានថ្នាក់សិក្សា២ដង ក្នុងមួយសប្តាហ៍។ លើសពីនេះទៅទៀត វិទ្យាស្ថានក៏មានសិក្ខាសាលាខាងក្នុង និងខាងក្រៅ ហើយសិស្សានុសិស្សក៏មានឱកាសចូលរួមក្នុងការប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិផ្នែកសក់ និងផាត់មុខផងដែរ។
បច្ចុប្បន្ននេះ វិទ្យាស្ថានក៏កំពុងតែជ្រើសរើសនិស្សិតចូលរៀនជំនាន់ទី១ ចំនួន២៥នាក់ ដោយសិក្សាមុខវិជ្ជាសរុបរួមមាន ២០មុខវិជ្ជា បូករួមបញ្ជូលទាំងសម្ផស្សបែបកូរ៉េ (K-Beauty) និងការច្នៃម៉ូតសក់បែបកូរ៉េ ជាច្រើនម៉ូត។ សិស្សានុសិស្សទាំងអស់នឹងទទួលបាននូវវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយ NIEI KYCU និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសកម្ពុជា។
ពាក្យសុំចូលរៀនចាប់ផ្តើម ទទួលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ លោកអ្នកអាចមកយកពាក្យដោយផ្ទាល់បាននៅការិយាល័យ NIEI-KYCU ដែលស្ថិតនៅក្នុងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឬទំនាក់ទំនងដាក់ពាក្យមកទូរស័ព្ឌលេខ៖ ០៨៥ ៧៦៦ ៦៦៣/០៩២ ៦១៩ ៧៥១/០៩៦ ៣៩ ៦៩ ៨៦៥៕