(ភ្នំពេញ)៖ លោក អេ គ្រីស្ទី វីលៀមស៍ (A. Christy Williams) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ WWF អន្តរជាតិ បានដាស់តឿនដល់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវពិនិត្យមើលករណីនៅប្រទេសចិន ហើយយកគំរូតាមប្រទេសមួយនេះ ដោយដាក់ចេញបំរាមរាល់ការលក់ដូរសាច់សត្វព្រៃ ដើម្បីការពារសុខមាលភាពនៃប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងបង្ការភាពខូចខាតដល់សេដ្ឋកិច្ច ដូចអ្វីដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នស្រាប់ ដោយសារតែវីរុស កូវីដ-១៩។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ WWF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានចេញសេចក្តីថ្លែងការណ៍ ស្តីអំ «ពីភាពចាំបាច់ក្នុងការបញ្ឈប់ជាបន្ទាន់នូវរាល់ការជួញដូរ និងបរិភោគសាច់សត្វព្រៃ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក» ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ។
តាមសេចក្តីថ្លែងការណ៍ អង្គការ WWF ទាំងអស់ ដែលមានទីស្នាក់ការនៅក្នុងតំបន់ សូមអំពាវនាវដល់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីបូពា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឱ្យយកគំរូតាមប្រទេសចិនដើម្បីគាំពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់ខ្លួន។ ការផ្ទុះឡើង និងការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ក៏ដូចជាវីរុស ហ្សារស៍ (SARS) មើស៍ (MERS) និងការផ្ទុះឡើងនៃវីរុសផ្សេងៗទៀត នៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ បានបង្ហាញពីគ្រោះថ្នាក់ទៅលើសុខភាពមនុស្ស ដែលបណ្តាលមកពីការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ។ ទោះបីជាយ៉ាងណាក៏ដោយ ដូចដែលការឆ្លងរាលដាលនៃជំងឺនាពេលបច្ចុប្បន្នបានស្តែងឡើងឲ្យឃើញស្រាប់ ការចាត់វិធានការទប់ទល់ដោយប្រទេសតែមួយគត់ គឺមិនគ្រប់គ្រាន់ទេ។
លោក អេ គ្រីស្ទី វីលៀមស៍ (A. Christy Williams) បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវពិនិត្យមើលករណី នៅប្រទេសចិន ហើយយកគំរូតាម ដោយដាក់ចេញការហាមឃាត់នូវរាល់ការលក់ដូរសាច់សត្វព្រៃ ដើម្បីការពារសុខមាលភាព នៃប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងបង្ការភាពខូចខាតដល់សេដ្ឋកិច្ចរបស់ខ្លួន ដូចអ្វីដែលកំពុងកើតឡើង នាពេលបច្ចុប្បន្នស្រាប់ដោយសារតែវីរុស កូវីដ-១៩»។
លោកបន្ថែមទៀតថា៖ «ប្រទេសទាំងនេះត្រូវតែបញ្ឈប់រាល់ការជួញដូរសត្វព្រៃកុំឱ្យហូរចូលក្នុងទឹកដីរបស់ខ្លួន។ ដូចដែលយើងបានឃើញរួចមកហើយ នូវករណីទាក់ទងនឹងការហាមឃាត់ការជួញដូរ ភ្លុកដំរីក្នុងប្រទេសចិនអញ្ចឹង ការជួញដូរនៅតែឆ្លង ចូលតាមច្រកព្រំប្រទល់ប្រទេសចិន ដែលជាកន្លែងមិនមានការពង្រឹងការអនុវត្តច្បាប់ម៉ត់ចត់ ហើយបានបង្កើតជាទីកន្លែងជួញដូរសត្វព្រៃថ្មី»។
អគ្គនាយក នៃអង្គការ WWF ប្រចាំប្រទេសនីមួយៗ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងអស់ សូមអំពាវនាវដល់រដ្ឋាភិបាលទាំងអស់ នៃប្រទេស នៅក្នុងតំបន់អាស៊ីបូពា និងអាស៊ីអាគ្នេយ៍ ឱ្យយកគំរូតាមការសម្រេចចិត្តរបស់ប្រទេសចិន ហើយដាក់ចេញនូវការហាមឃាត់ជាអចិន្ត្រៃយ៍ ចំពោះការបរិភោគ និងការជួញដូរសត្វព្រៃ។ ការខាតបង់សេដ្ឋកិច្ចសម្រាប់ប្រទេសនីមួយៗ សម្រាប់តំបន់ និងជាសកល ដោយសារវីរុសកូវីដ-១៩ ត្រូវបានគេសង្កេតឃើញកំពុងកើនឡើងរហូតដល់រាប់ពាន់លានដុល្លារ ហើយវានឹងបន្តជះផលប៉ះពាល់ ដល់ផ្នែកសេដ្ឋកិច្ចសម្រាប់ រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះទៀត។ យើងត្រូវតែចាត់វិធានការឡើងនៅក្នុងពេលឥឡូវនេះ ដើម្បីទប់ស្កាត់កុំឲ្យមានការកើតឡើងនូវជំងឺឆ្លងរាលដាលដទៃផ្សេងទៀត ដែលអាចនឹងបង្កជាទុក្ខវេទនា និងការស្លាប់ដល់ប្រជាជនយើង។
តំបន់អាស៊ីអាគ្នេយ៍ ជាប្រភពនៃផលិតផលសត្វព្រៃជាយូរមកហើយ ហើយក៏ជាទីតាំងច្រករបៀង សម្រាប់ការបញ្ជូនផលិតផលសត្វព្រៃ បន្តទៅកាន់ប្រទេសចិនផងដែរ។ ការបរិភោគសាច់សត្វព្រៃ ដែលអាចបង្កជាវីរុសដ៏គ្រោះថ្នាក់ ដែលប្រព័ន្ធភាពស៊ាំរបស់មនុស្សមិនអាចការពារបាន អាចឆ្លងពីសត្វទៅមនុស្ស ហើយក៏ជាហេតុម៉្យាងដែលអាចកើតមាននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាករណីក្នុងប្រទេសចិនអញ្ចឹងដែរ។ ដើម្បីដោះស្រាយបញ្ហាសុខភាពសាធារណៈនេះ ដែលបណ្តាលមកពីការបរិភោគ និងជួញដូរសត្វព្រៃ យើងសូមអំពាវនាវ ដល់ក្រសួងពាក់ព័ន្ធទាំងអស់ ដែលមានភារៈកិច្ចទទួលខុសត្រូវក្នុងវិស័យការពារសត្វព្រៃ និងវិស័យសុខាភិបាល និងសុខភាពសាធារណៈ ឱ្យរួមគ្នាដើម្បីសហការទាំងក្នុងផ្នែកជំនាញឯកទេស និងការប្រើប្រាស់ធនធានដែលមាន ដើម្បីបង្កើនការត្រួតពិនិត្យ និងតាមដានរាល់ទីផ្សារដែលមានផលិតផលសត្វព្រៃ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សារណៈជនដើម្បីឱ្យពួកគេ បញ្ឈប់ការលក់ដូរ និងបរិភោគសាច់សត្វព្រៃ ព្រមទាំងផលិតផលសត្វព្រៃដទៃផ្សេងៗទៀត។
លោក រ៉ុន ត្សុតត្សួយ (Ron Tsutsui) អគ្គនាយកនៃអង្គការ WWF-ជប៉ុន និងជាប្រធាននៃគណៈកម្មការនាយកសម្រាប់ «កម្មវិធីយុទ្ធសាស្ត្រកំណើន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» បានឱ្យដឹងថា៖ «ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវជំងឺឆ្លងមុនៗ ដែលមានប្រភពចេញពីទីផ្សារលក់សត្វព្រៃ វិធានការចម្បងដែលគេបានប្រើនោះគឺការបង្ឃាំងទុកអ្នកដែលបានឆ្លងជំងឺឱ្យនៅដោយឡែកពីគេ»។
លោកបន្ថែមទៀតថា ការសម្រេចចិត្តរបស់ចិន ក្នុងការចាត់វិធានការចំប្រភពនៃបញ្ហា គឺការបិទរាល់ទីផ្សារលក់សត្វព្រៃ និងការហាមឃាត់ការបរិភោគសាច់សត្វព្រៃ ជាអចិន្ត្រៃយ៍ ជាដំណោះស្រាយមួយដែលអាចនាំមកនូវការផ្លាស់ប្តូរស្ថានការបាន។ គ្រប់រដ្ឋាភិបាលទាំងអស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី ត្រូវតែយកគំរូតាមចំណាត់ការនេះ ដើម្បីការពារសុខមាលភាពរបស់មនុស្ស ក៏ដូចជាការអភិរក្សសត្វព្រៃផងដែរ៕