(ភ្នំពេញ)៖ មានក្រុមមនុស្សមួយក្តាប់តូចបាន និងកំពុងយកប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅបំភ្លៃការពិតទៅលើករណី វីរុសកូវីដ-១៩ ក្នុងចេតនាបង្ករវិច្ឆេទកម្មបំផ្លាញសេចក្តីសុខក្នុងការរស់នៅ របស់ប្រជាជនកម្ពុជា ខណៈដែលនៅទូទាំងប្រទេសកម្ពុជាមកដល់ពេលនេះ ពុំទាន់មានប្រជាជនណាម្នាក់បានកើត ឬឆ្លងវីរុសនេះនៅឡើយ។
ការធ្វើវិច្ឆេទកម្មដោយចេតនា ក្នុងផលប្រយោជន៍នយោបាយ ឬបំផ្លាញសេចក្តីសុខប្រជាជនទូទាំងប្រទេសនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញប្រតិកម្មតបវិញ ដោយស្នើឱ្យមន្រ្តីមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំតាមសាលារៀន គ្រឹះស្ថានអប់រំ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយនូវព័ត៌មានពិត ឆ្លើយតបឱ្យទាន់សភាពការណ៍ថា នៅក្នុងមូលដ្ឋាន របស់ខ្លួនគ្រប់គ្រង មិនមានអ្នកណា ម្នាក់កើត ឬឆ្លងវីរុសប្រភេទនេះនៅឡើយទេ សូមកុំឱ្យមានការភ័យខ្លាច ដោយគ្មានការពិចារណា។
ការស្នើរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯក រាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា២០១៩-២០២០នៅវិទ្យាល័យជាស៉ីម បឹងកេងកង។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គ្មានហេតុផលអ្វី ដែលត្រូវលាក់បាំងការពិត នៃកូវីដ១៩នេះទេ ខណៈដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងនោះ។
លោកអភិបាលរាជធានី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខភិបាល ក៏បានដាក់ចេញវិធានការការពារ និងទប់ស្កាត់នានា ដូចជា ត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុល ឱ្យបានញឹកញាប់ មុនពិសារចំណីអាហារ ឬប៉ះពាល់មាត់ច្រមុះ។ ម៉្យាងបើមានជំងឺគ្រុនផ្តាសាយត្រូវពាក់ម៉ាសការពារកុំឱ្យឆ្លងទៅអ្នកដទៃដែលនៅជិតខ្លួន។
លោកអភិបាល ក៏បានជំរុញឱ្យតាមសាលារៀននានានៅក្នុងរាជធានី បន្តយកចិត្តទុកដាក់លើការលើកកកម្ពស់បរិស្ថានក្នុងសាលា សុវត្ថិភាពចំណីអាហារ និងបង្កើតទីតាំងលាងដៃឱ្យបានគ្រប់គ្រាន់ មានសាប៊ូ ឬអាល់កុលលាងដៃ បំផុសឱ្យសិស្សានុសិស្សមានការប្រុងប្រយ័ត្ន កុំបរិភោគចំណីអាហារណាមិនមានអនាម័យ កុំផឹកភេសជ្ជៈណាដែលមានជាតិផ្អែមខ្លាំងពេក ជាពិសេស ត្រូវផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ឱ្យសិស្សានុសិស្ស និងអាណាព្យាបាលបានជ្រាបដើម្បីចូលរួមការពារទាំងអស់គ្នា។
រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បង្កើនការយកចិត្តទុកដាក់លើ ការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសលើករណី មានមនុស្សដួល ឬសន្លប់ ដោយប្រការណាមួយ ត្រូវរាយការណ៍មករដ្ឋបាលរាជធានី ភ្នំពេញជាបន្ទាន់ ដោយមានភ្ជាប់មកជាមួយនូវរូបភាព និងមូលហេតុឱ្យបានច្បាស់លាស់ ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅសាធាណៈជនឱ្យបានមុន ជនអគតិមួយចំនួនដែលមាន ចេតនាអាក្រក់ កេងចំណេញ ដោយទាញយក ហេតុការណ៍នេះ ទៅបង្ហោះបំភ្លៃការពិត បង្កឱ្យមានអស្ថិរភាពក្នុងសង្គម។
ពាក់ព័ន្ធនឹងពិធីនេះលោក ឃួង ស្រេង លើកឡើងថា ចក្ខុវិស័យនៃការកសាងសង្គមកម្ពុជាមួយដែលមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គមមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងសមធម៌ ទាមទារឱ្យប្រជាពលរដ្ឋ មានចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ ជីរភាពសមរម្យ និងមានការរស់នៅសុខដុមរមនាទាំងក្នុងសង្គមជាតិ និងសង្គមគ្រួសារប្រកបដោយនិរន្តរភាព។
លោកអភិបាលបានបន្តទៀតថា ឆ្លើយតបនិងចក្ខុវិស័យខាងលើក្រសួងអប់រំយុវជន និងកីឡា បាននិងកំពុងអនុវត្តកំណែរទម្រង់អប់រំលើគ្រប់វិស័យឱ្យមានលក្ខណៈកាន់តែស៉ីជម្រៅ ឆ្ពោះទៅសង្គមពុទ្ធិ និងវិបុលភាព ស្របតាមដំណើរការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ។ ជោគជ័យនៃការប្រកួតកីឡា នាពេលនេះជាការរួមចំណែក ជាវិជ្ជមាន ក្នុងការធ្វើឱ្យមានការរីកចំរើននូវសកម្មភាពអប់រំកាយ និងកីឡាទូទាំងប្រទេស ដែលជាសមាសភាពមួយ នៅក្នុងសមាសភាពអប់រំទាំង ៥ របស់ក្រសួងអប់រំយុវជន និងកីឡា។
លោក ឃួង ស្រេង ក៏បានអំពាវនាវឱ្យសិស្សានុសិស្ស ជាកីឡាករ កីឡាការិនី បន្តយកចិត្តទុកដាក់ហ្វឹកហាត់ឱ្យបានកាន់តែល្អថែមទៀត ទាំងចំណេះដឹង ប្រាជ្ញាស្មារតី កិច្ចសហការ និងសុខភាពជាចម្បង ដើម្បីបន្តយកជ័យជម្នះជូនសាលា និងប្រទេសជាតិទាំងមូលនាពេលអនាគត៕