(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានជំរុញដល់សហគ្រាសទាំងអស់ ដែលអ្នកជាប់ពន្ធត្រូវបែងចែកឱ្យដាច់ ចំពោះស្ថានភាពអាជីវកម្មឆ្នាំ២០១៩ ពីស្ថានភាពក្នុងឆ្នាំ២០២០ ដោយត្រូវបំពេញកាតព្វកិច្ចពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ២០១៩ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញបើកសិក្ខាសាលាស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមប្រព័ន្ធអនឡាញ E-Filing ព្រមទាំងវិធានវិក្កយបត្រទម្រង់ថ្មី» នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែមីនានេះ បានដកស្រង់សំដី លោក គង់ វិបុល យ៉ាងដូច្នេះថា «ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានក្រើនរំលឹក និងបញ្ជាក់យ៉ាងច្បាស់ជូនដល់សហគ្រាសទាំងអស់ ដែលបានចូលរួមថា ត្រូវធ្វើការបែងចែកឱ្យដាច់ ចំពោះស្ថានភាពអាជីវកម្មឆ្នាំ២០១៩ ពីស្ថានភាពក្នុងឆ្នាំ ២០២០ ដែលបណ្តាលពីការរីរាលដាលនៃជម្ងឺផ្លូវដង្ហើម Covid-19 នោះទេ ព្រោះឆ្នាំ២០១៩ ជាឆ្នាំដែលកម្ពុជាមានកំណើនសេដ្ឋកិច្ច មានភាពរីកចម្រើន និងទទួលបានលទ្ធផលល្អប្រសើរ ដូចនេះ ត្រូវបំពេញកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៩ ដោយប្រកាស និងបង់ពន្ធឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា ចៀសវាងនូវការទទួលរងនូវពិន័យទោសទណ្ឌនានាជាយថាហេតុ»។

លោក គង់ វិបុល បានលើកឡើងអំពីស្ថានភាពនៃផលប៉ះពាល់នៃជំងឺផ្លូវដង្ហើម Covid-19 មកលើ វិស័យទេសចរណ៍ ដោយហេតុថា អ្នកទេសចរខ្លាច លែងហ៊ានធ្វើដំណើរកំសាន្ត និងមានការបិទជើងហោះហើរមួយចំនួន និងវិស័យកាត់ដេរ ដោយសារខ្វះវត្ថុធាតុដើម ព្រោះវត្ថុធាតុដើមភាគច្រើន គឺមានប្រភពនាំចូលមកពីប្រទេសចិន ត្បិតរោងចក្រមួយចំនួន នៅប្រទេសចិនមិនទាន់បើកដំណើរការឡើងវិញ។

លោកបន្តថា រាជរដ្ឋាភិបាលបានចាត់វិធានការបន្ទាន់ ដើម្បីគ្រប់គ្រងស្ថានការនៃផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច និងទ្រទ្រង់នូវកំណើនសេដ្ឋកិច្ច ព្រមទាំងដាក់ចេញវិធានការសម្រួលផ្នែកពន្ធដារ ដើម្បីបន្ថយផលប៉ះពាល់មកលើវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យអចលនទ្រព្យ ហើយអគ្គនាយកដ្ឋានពន្ធដារ បានចាត់ចែងរៀបចំសិក្ខាសាលាផ្សព្វផ្សាយបន្ទាន់ អំពីយន្តការនៃអនុវត្តយន្តការនេះ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ជាមួយ ម្ចាស់និងតំណាងសណ្ឋាគារ ផ្ទះសំណាក់ និងអាជីវកម្មវិស័យអចលនទ្រព្យក្នុងខេត្តសៀមរាប សរុបប្រមាណ ៨០០នាក់ នៅសណ្ឋាគារ សុខា សៀមរាប។

ក្នុងឱកាស សិក្ខាសាលានាថ្ងៃនេះ លោក គង់ វិបុល បានថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ ការកែលម្អរ និងធ្វើឱ្យប្រសើរឡើងនូវសេវាជូនអ្នកជាប់ពន្ធ និងដំណោះស្រាយ ចំពោះបញ្ហាការលំបាក និងកង្វល់នានាដែលលើកឡើងដោយវិស័យឯកជន ដែលមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖

* កែលម្អនូវវិធាននិងការអនុវត្តពន្ធលើប្រាក់ចំណូល តាមរយៈការប្រកាសលេខ ០៩៨ សហវ.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្តីពីពន្ធលើប្រាក់ចំណូល ដែលទទួលបានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងន័យដោះស្រាយកង្វល់និងបញ្ហាប្រឈមនានាដែលផ្នែកឯកជនបានលើកឡើង។

* នីតិវិធីសវនកម្មត្រូវបានកែសម្រួល តាមរយៈប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩ ដោយមិនមានការចុះធ្វើសវនកម្មត្រួតឬជាន់គ្នា, រយៈពេលនៃឆ្នាំជាប់ពន្ធ ត្រូវចុះសវនកម្មត្រូវបានកែសម្រួល និងកាត់បន្ថយវៀរលែង តែមានករណីល្មើសធ្ងន់ធ្ងរ, ការជ្រើសរើសហសគ្រាស ធ្វើសវនកម្មដោយផ្អែកលើហានីភ័យ និងលក្ខណៈវីនិច្ឆ័យច្បាស់លាស់, និងបន្ថយអត្រាការប្រាក់ពី ២% មកត្រឹម ១,៥%។

* ដំណោះស្រាយចំពោះបញ្ហាប្រឈមកន្លងមក ពាក់ព័ន្ធអាជីវកម្មជាភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ ក្នុងការការចេញវិក្ក័យបត្រ, ការទទួលស្គាល់ចំណូលដុល ចំពោះក្រុមហ៊ុនទេសចរណ៍នាំភ្ញៀវ ទៅកំសាន្តនៅបរទេស និងចូលមកក្នុងស្រុក (Package Tour) និងមូលដ្ឋានសម្រាប់គិតអាករ និងប្រាក់រំដោះពន្ធ តាមរយៈប្រកាសលេខ ២០៤ សហវ.ប្រក ចុះថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ ស្តីពីកាតព្វកិច្ចសារពើពន្ធ ចំពោះសហគ្រាសប្រកបអាជីវកម្ម ជាភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ ដោយបានដាក់ចេញនូវវិធានការ អនុវត្តពន្ធលើប្រាក់ចំណូល ពន្ធកាត់ទុក និង VAT ចំពោះភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍។

* កម្រិតអនុលោមភាពសារពើពន្ធ របស់សហគ្រាសមានភាពប្រសើរឡើងជាងមុន ដែលបានឆ្លុះបញ្ចាំងអំពីកម្រិត នៃការយល់ដឹងអំពីពន្ធដារ និងវប្បធម៌ពន្ធដារ មានភាពប្រសើរឡើង ហើយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ស្នើឱ្យសហគ្រាសទាំងអស់ ពង្រឹងអនុលោមភាពសារពើពន្ធ ដោយធ្វើការប្រកាសនិងបង់ពន្ធឱ្យត្រឹមត្រូវ ហើយអគ្គនាយកដ្ឋានពន្ធដារ មានតែយន្តការសវនកម្មជាម៉ែត្រវាស់ អនុលោមភាពសារពើពន្ធរបស់សហគ្រាស។

* ស្នើផ្នែកឯកជនធ្វើកំណែទម្រង់ អភិបាលកិច្ចរបស់ខ្លួន ដើម្បីចូលរួមពង្រឹងអនុលោមភាពសារពើពន្ធ និងចូលរួមចំណែកអភិវឌ្ឍជាតិទាំងអស់គ្នា ខណៈដែលអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងធ្វើកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់។

* ភ្នាក់ងារសេវកម្មពន្ធដារ ត្រូវបន្តពង្រឹងការបំពេញការងារ ប្រកបដោយវិជ្ជាជីវៈ ជៀសវាងនូវការបិទបញ្ជីជូនសហគ្រាស ដោយធ្វេសប្រហែស ឬការផ្សំគំនិតក្នុងការកិបកេងប្រាក់ពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយក្រុមប្រឹក្សាជាតិគណនេយ្យ (NAC) ដើម្បីចាត់វិធានការតឹងរឹង ចំពោះភ្នាក់ងារសេវាកម្មពន្ធដារ ដែលមិនគោរពតាមវិជ្ជាជីវៈ ឬប្រព្រឹត្តប្រាស់ចាកពីច្បាប់ និងបទប្បញ្ញត្តីស្តីពីពន្ធដារ។

* ជំរុញសហគ្រាសចូលរួមសិក្សាស្វែងយល់ និងចូលរួមពង្រឹងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិត ប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ និងអនុវត្តទម្រង់លិខិតប្រកាសពន្ធប្រចាំខែថ្មី សម្រាប់អ្នកជាប់ពន្ធ។

* ដើម្បីទទួលបានឆ្លើយតប បានឆាប់រហ័ស និងទាន់ពេលវេលាលើចម្ងល់នានា សូមលើកទឹកចិត្តឱ្យប្រើប្រាស់សេវា ជូនអ្នកជាប់ពន្ធតាមរយៈ Call Center 1277 ដោយមិនគិតថ្លៃ និង GDT Live Chat ដែលមានកំណើនប្រើប្រាស់គួរឱ្យកត់សម្គាល់ និងទទួលការគាំទ្រពីអ្នកជាប់ពន្ធ និងសាធារណជន ក៏ដូចជា ជម្រើសនៃការទទួល បានសេវាឆ្លើយតបតាមរយៈ E-mail, Facebook និងការជួបពិគ្រោះផ្ទាល់ជាមួយមន្ត្រីជំនាញ។

* បន្ថែមពីលើ E-Filing អគ្គនាយកដ្ឋានពន្ធដារ គ្រោងនឹងដាក់ឱ្យប្រសើរឡើងនូវ E-Invoice ដែលជាផលិតផលថ្មីបន្ថែមទៀត នៃសេវាជូនអ្នកជាប់ពន្ធ។

* សាលាជាតិពន្ធដារ មានវគ្គសិក្សាបណ្តុះបណ្តាល អំពីពន្ធដារ ដើម្បីចូលរួមចំណែកពង្រឹងចំណេះដឹងអំពីពន្ធដារ និងការអនុវត្តជាក់ស្តែងនៃប្រព័ន្ធ ហើយអ្នកជាប់ពន្ធអាចចុះឈ្មោះចូលរៀន តាមប្រព័ន្ធអនឡាញ។

សិក្ខាសាលាថ្ងៃនេះ បានផ្សព្វផ្សាយអំពីវឌ្ឍនភាពការងារថ្មីៗ និងវិធានការនានា ដែលបានដាក់ចេញ និងគ្រោងដាក់ឱ្យអនុវត្តនាពេលឆាប់ៗខាងមុខនេះ ក្នុងគោលដៅពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ក៏ដូចជាឆ្លើយតប និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលបានលើកឡើងដោយផ្នែកឯកជន រួមមាន៖

* ប្រព័ន្ធ E-Filing ជួយសម្រួលដល់ការដាក់លិខិតប្រកាសប្រចាំខែ ដោយអ្នកជាប់់ពន្ធអាចបញ្ចូលបញ្ជីទិញ-លក់, ព័ត៌មានពន្ធកាត់ទុក, ពន្ធលើប្រាក់បៀវត្ស, ពន្ធលើអត្ថប្រយោជន៍បន្ថែម, និងពន្ធអាករផ្សេងៗ តាមប្រព័ន្ធអនឡាញ ព្រមទាំងកាត់បន្ថយពេលវេលា និងការលំបាកក្នុងការបំពេញ លិខិតប្រកាសដោយដៃ ជំនួសដោយការបោះពុម្ពរបាយការណ៍ ប្រកាសពន្ធតាមប្រព័ន្ធអនឡាញ ដែលតាមរយៈផលិតផលថ្មី នៃសេវាជូនអ្នកជាប់ពន្ធនឹងកាន់ តែងាយស្រួលជាងមុន និងចំណេញពេលវេលា សម្រាប់ការប្រកាស និងបង់ប្រាក់ពន្ធ (E-Filing ជាផលិតផលដែលពង្រីកវិសាលភាព នៃប្រព័ន្ធគ្រប់គ្រងការបង្វិលសង E-VAT)។

* វិធានវិក្កយបត្រថ្មី កំណត់ច្បាស់លាស់អំពីវិធី ឬបែបផែននៃការប្រើប្រាស់វិក្កយបត្រ ឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវប្រសិទ្ធិភាព និងតម្លាភាពក្នុងការប្រមូលពន្ធ-អាករនានា ដោយអគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងលេខ ៣២១៨ អពដ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការអនុវត្តប្រកាសលេខ ៧២៣សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការប្រើប្រាស់នៃវិធានវិក្កយបត្រថ្មីនេះ។

* កាតព្វកិច្ចនៃពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ក្នុងអំឡុងរដូវការនៃការប្រកាសពន្ធចាប់ពីខែមករា រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២០ រំលឹកឱ្យសហគ្រាសទាំងអស់ មកដាក់លិខិតប្រកាស់បង់ពន្ធ លើប្រាក់ចំណូលឆ្នាំ២០១៩ បានទាន់ពេលវេលា និងត្រឹមត្រូវ និងផ្សព្វផ្សាយអំពីខ្លឹមសារប្រកាសលេខ ០៩៨ សហវ.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្តីពីពន្ធលើប្រាក់ចំណូល៕