(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះ ពិភពលោកទាំងមូលបានប្រារព្ធទិវាសត្វព្រៃពិភពលោក ក្រោមប្រធានបទ «ធ្វើឱ្យមាននិរន្តរភាពជីវិត លើភពផែនដី»។
ទិវាសត្វព្រៃពិភពលោកនេះត្រូវបានប្រារព្ធឡើង ដើម្បីបង្ហាញពីជីវិតសត្វ និងរុក្ខជាតិដ៏សម្បូណ៌បែប ដែលមាននៅលើភពផែនដី និងផ្សព្វផ្សាយពីគុណតម្លៃនៃជីវៈចម្រុះទាំងនេះ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើ ដល់ប្រជាពលរដ្ឋ។
ទិវានេះក៏ជាការរំឭកដល់មនុស្សគ្រប់រូប អំពីភាពចាំបាច់នៃការចាត់វិធានការ ប្រឆាំងនឹងឧក្រិដ្ឋកម្មលើសត្វព្រៃ និងការធ្លាក់ចុះនូវប្រភេទសត្វព្រៃខ្លះ ដោយសកម្មភាពមនុស្ស ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា និងអភិរក្សជីវៈចម្រុះ ជីវិតសត្វនិងរុក្ខជាតិតូចធំ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីរក្សាឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
លោកថ្លែងថា ក្នុងការសង្គ្រោះសត្វព្រៃ និងអភិរក្សសត្វព្រៃ មន្ត្រីឧទ្យានុរក្សដែលបានឈរជើង ការពារតំបន់ការរពារធម្មជាតិនានា បានដោះអន្ទាក់ចេញ ពីក្នុងព្រៃបានចំនួន១៧,១៧៥ អន្ទាក់ក្នុងឆ្នាំ២០១៩ និងមានការកើនឡើងជាងឆ្នាំ២០១៨ រហូតដល់៥,០០០អន្ទាក់ ក្នុងនោះខេត្តដែលដោះអន្ទាក់ច្រើនជាងគេ គឺខេត្តកោះកុង មានចំនួន៧,០៧៤អន្ទាក់ នៅឆ្នាំ២០១៩។
បើយោងតាមរបាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះឲ្យដឹងថា កម្ពុជាជាប្រទេសសម្បូរ ដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប៥៤៥ប្រភេទ, ឧរង្គសត្វ៨៨ប្រភេទ, រុក្ខជាតិតូចៗ (vascular plants) ២,៣០៨ប្រភេទ, ត្រី៨៧៤ប្រភេទ, ផ្កាថ្មរឹង២៤ប្រភេទ, ផ្កាថ្មទន់១៤ប្រភេទ, ស្មៅសមុទ្រ១០ប្រភេទ និងថលជលិក៦៣ប្រភេទ។
វត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ ហើយមានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ដូចជា ថនឹកសត្វ៣៩ប្រភេទ ក្នុងនោះប្រភេទសត្វដែលជិតផុតពូជ និងងាយរងគ្រោះរួមមានដូចជា ដំរីអាស៊ី, ខ្លាដំបង, ខ្លាឃ្មុំធំ, ខ្លាពពក, ខ្លាត្រី, ខ្លាលឿងមាស, រមាំង, កែះ, ប្រើសស្បូវ, ខ្ទីង, ទន្សោង, ពង្រូល, ទោចម្កុដ, ទោចផ្ពាល់លឿង, រញីប្រផេះ, ស្វាត្រោស, ឆ្កែព្រៃ, រីឯសត្វស្លាប៣៦ប្រភេទ ដែលជិតផុតពូជ និងងាយរងគ្រោះរួមមាន ត្រយងយក្ស, ត្រដក់ធំ, កេងកងធំ, ត្មាតប្រផេះ, ត្មោតត្នោត, ត្មាតភ្លើង, ក្រផលក្បាលក្រហម, អង្កត់ខ្មៅជាដើម ឧរង្គសត្វ១៣ប្រភេទ, រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និងថលជលិក១២ប្រភេទ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «សត្វព្រៃ និងរុក្ខជាតិដែលមាននៅលើភពផែនដីនេះ គឺពិតជាមានសារៈប្រយោជន៍ មិនអាចកាត់ថ្លែបាន ផ្នែកប្រព័ន្ធអេកូឡូស៊ី ហ្សេនេទិក សង្គម សេដ្ឋកិច្ច វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ ផ្សារភ្ជាប់នឹងជីវិតរស់នៅរបស់មនុស្ស និងការអភិវឌ្ឍដោយចីរភាពផងដែរ»។
លោកបានបន្ដថា សត្វព្រៃ និងសត្វស្លាបមួយចំនួន ដែលពិភពលោកជិតផុតពូជ គឺមានវត្តមាននៅកម្ពុជា ហើយក្នុងនាមក្រសួងបរិស្ថាន ក៏សូមជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ បញ្ឈប់ការបរបាញ់ សត្វចាប់សត្វព្រៃខុសច្បាប់ ដែលត្រូវប្រឈមនឹងច្បាប់។
លោករដ្ឋលេខាធិការក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមកុំបរិភោគសាច់សត្វព្រៃ ព្រោះមានមេរោគ និងគ្មានការត្រួតពិនិត្យត្រឹមត្រូវ ដែលធ្វើឱ្យមានការប៉ះពាល់ដល់សុខភាព។ លោកបន្តថា ក្រោយពីការផ្ទុះជំងឺកូវីដ១៩ ប្រទេសចិនបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបរិភោគសាច់សត្វព្រៃ និងកុំជួញដូរសត្វព្រៃ។
លោកបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ការបរិភោគសាច់សត្វ ព្រៃមិនមានប្រយោជន៍ សម្រាប់សុខភាពទេ ប៉ុន្តែអាចប្រឈមនឹងជំងឺឆ្លងផ្សេងៗ ក៏ដូចជាចម្លងមេរោគផងដែរ។ លោកបន្តថា មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធ នៅតាមបណ្តាខេត្តនានា បានចុះពិនិត្យជាប្រចាំនៅតាមទីផ្សារ និងនៅតាមភោជនីយដ្ឋាន មិនអនុញ្ញាតិឱ្យលក់សាច់សត្វព្រៃឡើយ។
លោកបន្ថែមថា «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើឃើញមាន ការលក់សាច់សត្វព្រៃ សូមទាក់ទងមកមន្ត្រីជំនាញ ដើម្បីចាត់វិធានការតាមច្បាប់»។
លោកបានលើកឡើងបន្ដថា «កម្ពុជាក្នុងនាមជាសមាជិក អង្គការសហប្រជាជាតិ គឺត្រៀមខ្លួនក្នុងការសហការជាលក្ខណៈអន្តរជាតិ ជាមួយប្រទេសទាំងអស់ ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់»។
លោក នេត្រ ភក្ត្រា បន្ថែមទៀតថា «កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការការប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការ ក្នុងនាមជាដៃគូអន្តរជាតិ ក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់នៅលើពិភពលោក»។
លោកបានថ្លែងថា ក្រសួងបរិស្ថានមានការតាំងចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង ការជួញដូរសត្វព្រៃខុសច្បាប់ ហើយបានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នា ដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះ។ កម្ពុជាបានរៀបចំយន្តការក៏ដូចជាច្បាប់ និងអនុវត្តជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើន ពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការ ផ្តន្ទាទោសតាមច្បាប់ក៏ដូចជា ការផាកពិន័យជាប្រាក់ជាដើម៕