(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសច្រានចោល ចំពោះការបង្ហោះសារចែកចាយរូបភាពរបស់គណនី Facebook ឈ្មោះ Vibol Mao ដែលបានផ្សព្វផ្សាយព័ត៌មានប្រឌិតមួយថាមានស្ត្រីម្នាក់ដេកស្លាប់ ដោយសារតែវីរុស កូរ៉ូណា ឬ Covid-19។
រដ្ឋបាលខេត្តស្វារៀងបានអះអាងថា ករណីបង្ហោះដោយឈ្មោះVibol Mao គឺជារឿងមិនពិត និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាប់ម្ចាស់គណនី Facebook នេះ មកផ្តន្ទាទោសតាមច្បាប់។
បើតាមរដ្ឋបាលខេត្តស្វាយរៀង តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ វេលាម៉ោង០៥៖២០នាទី សមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍ថា មានមនុស្សស្លាប់នៅចំណុចភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចជំនាញ និងគ្រូពេទ្យដោយមានការរសម្របសម្រួល បីព្រះរាជអាជ្ញា បានពិនិត្យលើខ្លួនសាកសពឈ្មោះ នាង ណារី ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជាជនវិកលចរិក) មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំរោទិ៍ ខេត្តស្វាយរៀង មានបាក់ភ្លៅ មានដាច់រលាត់កំភួនជើង និងស្លាប់របួសជាច្រើនកន្លែងទៀត ដោយផ្អែកតាមការសន្និដ្ឋាន គណៈកម្មការកោល្យវិច្ច័យថា ជាករណីគ្រោះថ្នាក់ចរាចរណ៍។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕