(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ទោះបីករណីផ្ទុះឡើងនូវវីរុស Covid-19 កំពុងតែរីកសាយភាយនៅតាមបណ្តាប្រទេសមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើន ជាពិសេសវិស័យទេសចរណ៍ក្តី ក៏ប៉ុន្តែប្រទេសកម្ពុជា មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺនេះនោះទេ ខណៈអាជ្ញាធរខេត្តនៅតែបន្តក្នុងការផ្សព្វផ្សាយ ទាក់ទាញដល់ភ្ញៀវទេសចរ សំខាន់ការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា បានឱ្យអាជ្ញាធរខេត្ត សហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំអង្គរសង្ក្រាន្ត នៅតំបន់រមណីយដ្ឋានអង្គរឡើងវិញ ក្នុងការទាញយកភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ការលើកឡើងបែបនេះ របស់លោក ទៀ សីហា បានធ្វើឡើងនៅក្នុងឱកាស ដែលរដ្ឋបាលខេត្តសៀមរាប បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ។

លោក ទៀ សីហា លើកឡើងពីការអភិវឌ្ឍន៍ និងការអភិរក្សខេត្តប្រវត្តិសាស្រ្តវប្បធម៌ ដែលបានកំពុងទាក់ទាញ នូវអារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមនីយដ្ឋានវប្បធម៌ និងធម្មជាតិ។

លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះសមាជិកអង្គសន្និបាត ដែលបានចូលរួមហើយពុំមានបងប្អូនណាម្នាក់ពាក់ម៉ាស់ការពារឡើយ គឺបញ្ជាក់ថា ខេត្តសៀមរាប គ្មានឆ្លងជម្ងឺខូវីដ១៩ឡើយ ព្រមទាំងបានផ្តាំផ្ញើអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសំខាន់ សន្តិសុខទេសចរណ៍ និងការអនុវត្តគោល នយោបាយភូមិ/ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកពីការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក ខណ្ឌជាដើម។

លោក ទៀ សីហា បានសង្កត់ធ្ងន់ថា ទៅលើការរៀបចំសណ្តាប់ធ្នាប់ អនាម័យក្រុង និងសំណង់អាណាធិបតេយ្យ រំលោកដីចំណីផ្លូវជាដើម។ ក្នុងនោះលោកអភិបាលខេត្ត ក៏លើកនូវវិធានការល្អៗមួយចំនួន ក្នុងការធ្វើបទអន្តរាគមន៍ លើកឡើងពីបទពិសោធន៍កន្លងមក ក្នុងការឆ្លុះបញ្ចាំ ឱ្យឃើញនូវចំណុចខ្វះខាត បញ្ហាប្រឈម និងរកវិធានការដោះស្រាយចំពោះមុខ តាមប្រធានបទ នៃបទអន្តរាគមន៍ ដាក់ជូនអង្គសន្និបាត ក្នុងគោលដៅនៃការប្រមូលផ្តុំទស្សនៈ ក្នុងការរៀបចំឥរិយាបថសមស្រប ដើមី្បបង្កើតវប្បធម៌ ប្រជាធិបតេយ្យ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព សមធម៌ មានតម្លាភាព ក្នុងការឆ្លើយតបប្រកបដោយសីលធម៌ ក្នុងការផ្តល់សេវាសាធារណៈ។

លោកអភិបាលខេត្ត ក៏លើកឡើងផងដែរ ពីអង្គសន្និបាតថ្ងៃនេះ ជាកាលានុវត្តភាព ធ្វើឲ្យយើងទាំងអស់គ្នា អាចពិនិត្យ ពិភាក្សាស្វែងយល់ រកនូវដំណោះស្រាយ ដើមី្បជាសូចនាការវាស់ស្ទង់ ដកពិសោធន៍ពីគ្នាទៅវិញទៅមក។ បញ្ហាសំខាន់លើការបង្ការទប់ស្កាត់ និងកាត់បន្ថយនូវបញ្ហាប្រឈម ឱ្យស្ថិតក្នុងកំរិតអប្បបរមា នៃផលប៉ះពាល់អវិជ្ជមាន ក្នុងកម្រិតតិចបំផុតនូវកត្តាចៃដន្យនានា ដែលកើតឡើងជាយថាហេតុផងដែរ៕