(កណ្ដាល)៖ កម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានឃាត់យុវជន៥នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ដែលធ្វើសកម្មភាពវាយយុវជន៣នាក់ និងវាយកំទេចម៉ូតូ របស់ពួកគេព្រោះប្លន់មិនបានសម្រេច ក្រោយពេលចេញពីក្លឹបកម្សាន្តរាត្រីមួយកន្លែង នាវេលាម៉ោង១៖២០នាទី រំលងអាធ្រាត្រ ឈានចូលថៃ្ងទី០៣ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Frsesh News ប្រចាំខេត្តកណ្ដាល បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីក្លឹបកម្សាន្ត «រាំរស្មីពេជ្រនិល» ហើយជនសង្ស័យបានធ្វើសកម្មភាព វាយយកម៉ូតូ ដោយគៀរផ្តួលជនរងគ្រោះបណ្តាល ឱ្យរលាតដៃ ជើងហើយបានដេញតាមបន្ត តែយកម៉ូតូមិនបាន ទើបវាយម៉ូតូ បណ្តាលបែកក្បាំង និងបែកក្បាលម៉ូតូ។

សមត្ថកិច្ចដដែលបានបន្តថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ខាន់ សំណាង បានសារភាពថាខ្លួន និងបក្ខពួកបានយកដែកទីប វាយលើម៉ូតូ ឈ្មោះ សាត ប្រុសពៅ ហៅ កុង ភេទប្រុស ជាអ្នកយកដីខ្សាច់ ដាក់ចូលក្នុងបេនសាំង ឯមេឈ្មោះ ហួត សីហា ជាអ្នកបើករថយន្តបញ្ជា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ខាងលើរួមមានទី១៖ ឈ្មោះ វ័ន ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ម្ចាស់ម៉ូតូ០១៦ ឈ្មោះ ធីមឌឿន អ្នកខ្ចីជិះ), ទី២៖ ឈ្មោះ ងិន ខេមរា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (របួស) និងទី៣៖ ឈ្មោះ ឃុន ពិសី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (របួស)។

ជនសង្ស័យ៦នាក់ មានគេចខ្លួនម្នាក់ឈ្មោះ ហួ សីហា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរចាក់សាក់ និងកាត់សក់ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (មេក្លោង), ទី២៖ ឈ្មោះ រុន វិរៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងកាត់សក់ នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល, ទី៣៖ ឈ្មោះ ខាន់ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងផ្សារដែក នៅភូមិអង្គស្នួលទី៣ ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល, ទី៤៖ ឈ្មោះ សេង សុបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ, ទី៥៖ ឈ្មោះ លន ឆៃយុត ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៦៖ ឈ្មោះសាត ប្រុសពៅ ហៅ កុងភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបើកបរ នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។

វត្ថុតាងចាប់យករួមមានទី១៖ រថយន្តម៉ាព្រូស ពណ៌មាស ពាក់ផ្លាកលេខភ្នំពេញ 2T-7406 ក្បាលរថយន្តបិតស្កុតខ្មៅ, ទី២៖ ម៉ូតូម៉ាកនិច2 (019) ពណ៌ខ្មៅ ពាក់ផ្លាលេខកណ្តាល 1AS-4762 ជារបស់ជនសង្ស័យ, ទី៣៖ ម៉ូតូម៉ាកសង់០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FU-2304 ជារបស់ជនរងគ្រោះឈ្មោះ វ័ន្ត ដេវីត និងទី៤៖ ម៉ូតូម៉ាកសង់០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GD-3357 ជារបស់ជនរងគ្រោះឈ្មោះ ងិន ខេមរា។

សម្រាប់ករណីនេះ សមត្ថកិច្ចស្រុកអង្គស្នូល កំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕