(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឱ្យមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ធ្វើការពន្លឿនក្នុងភារកិច្ចចុះបញ្ជីក្បាលដី ជូនប្រជាពលរដ្ឋ ឱ្យមានឆាប់រហ័ស។
កាជំរុញបែបនេះ របស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ ក្នុងកិច្ចប្រជុំស្ដីពី ការងារចុះបញ្ជីដីធ្លី រៀបចំដោយមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោលដីខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងថា ដោយសាររាជរដ្ឋាភិបាល បានដាក់ផែនការបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស នៅឆ្នាំ២០២១ ដែលក្នុងនោះ ក្នុងឆ្នាំ២០២០ នៅក្របខណ្ឌទូទាំងប្រទេស នៅសល់ក្បាលដីប្រមាណជា១២លានក្បាលដីដែលត្រូវចុះបញ្ជី។ ទន្ទឹមនឹងនេះដែរ សម្រាប់ក្របខណ្ឌ ក្នុងខេត្តកំពង់ចាម ត្រូវសម្រេចការចុះបញ្ជីចំនួន ៦ម៉ឺនក្បាលដី ក្នុងឆ្នាំ២០២០នេះ។
លោក អ៊ុន ចាន់ដា បានបន្តថា សម្រាប់កិច្ចការចុះបញ្ជីក្បាលដីរបស់មន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោលដីខេត្ត រយៈពេល២ខែ ដើមឆ្នាំ២០២០នេះ ហាក់មានការយឺតយ៉ាវដោយហេតុថា ចំនួនក្បាលដី ដែលបានប្រមូលចុះបញ្ជី រយៈពេល ២ខែនេះ បានចំនួនជាង ៥.០០០ក្បាលដី និងបានចេញប័ណ្ណជាង ២.០០០ក្បាលដីប៉ុណ្ណោះ ដែលលទ្ធផលនេះមិនបាន ១០ភាគរយទេ បើគិតពីផែនការ ៦០.០០០ក្បាលដី សម្រាប់ឆ្នាំ២០២០ នេះ។
ដោយមើលឃើញលទ្ធផលដូច្នេះ លោកអ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីជំនាញសូរិយោដី ត្រូវពន្លឿនលើការងារចុះបញ្ជីក្បាលដី ឱ្យបានឆាប់រហ័ស ទាន់រដូវនេះមិនទាន់មានភ្លៀងធ្លាក់ ហើយមន្ត្រីបច្ចេកទេស អាចងាយស្រួលធ្វើការ។
បញ្ហាប្រឈមមួយចំនួន ដែលធ្វើឱ្យមាន ការយឺតយ៉ាវនៅក្នុងការងារ ចុះបញ្ជីក្បាលដីនេះ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសូរិយោដី ខេត្តកំពង់ចាមលោក ម៉ា ហូឌី បានថ្លែងឱ្យដឹងថាទី១៖ ពាក់ព័ន្ធទៅនឹងការធ្វើសមាហរណកម្មមន្ត្រីរដ្ឋបាលក្រុង-ស្រុក មកក្នុងរចនា សម្ព័ន្ធថ្មី, ទី២៖ ខ្វះការផ្ដល់ព័ត៌មាននិង ការចូលរួមសហការពីអាជ្ញាធរ និងទី៣៖ ពាក់ព័ន្ធទៅនឹងនីតិវិធី ដូចជាការបង់ពន្ធប្រថាប់ត្រាជាដើម។
ប៉ុន្តែ យ៉ាងណាក៏ដោយដើម្បីពន្លឿន ក្នុងកិច្ចការចុះបញ្ជីក្បាលដីនេះ លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នា សម្រួលដល់កិច្ចការនេះ ធ្វើយ៉ាងណាបង្កើនល្បឿន ក្នុងការចុះបញ្ជីក្បាលដី ឱ្យបានគ្រប់ចំនួនទៅតាមផែនការ ដែលបានដាក់ចុះនៅក្នុងឆ្នាំ២០២០នេះ៕