(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានក្រើនរំឮកដល់ក្រុមកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ជាពិសេសត្រូវណែនាំដល់បងប្អូន មិត្តភក្ដិចូលរួមលេងកីឡាឱ្យបានច្រើន ក៏ប៉ុន្តែមិនត្រូវភ្លេចការសិក្សានោះឡើយ។
ការក្រើនរំឮកបែបនេះ របស់លោក តូច ប៉ូលីវ៉ា ក្នុងឱកាសដែលលោកបានអញ្ជើញជាតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ក្នុងពិធីបិទការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា២០១៩-២០២០ នៅមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុកទាំង៨ តំណាងប្រតិភូកីឡាក្រុង ស្រុកទាំង៨ និងគ្រូបង្វឹកចំនួន ១៤៥នាក់ ស្រី៤០នាក់ ព្រមទាំងកីឡាករ កីឡាការិនីចំនួន៥៩ក្រុម ស្មើនឹង៧២៥នាក់ ស្រី៣៧១នាក់។
លោក តូច ប៉ូលីវ៉ា បានថ្លែងថា សព្វថ្ងៃនេះ ប្រទេសជាតិ កំពុងតែទទួលបាននូវភាពភាពសម្បូរសប្បាយ មានការអភិវឌ្ឍន៍គ្រប់ទិសទី និងសុខសន្តិភាព ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយអ្វីដែលមិនអាចបំភ្លេចបាននូវពាក្យមួយឃ្លាគឺ «អរគុណ សន្តិភាព»។
លោក តូច ប៉ូលីវ៉ា បានក្រើនរំឮកដល់ក្មួយៗសិស្សានុសិស្សដែលទទួលបានជយលាភី សូមបន្តខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើនសមត្ថភាព និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីត្រៀមចូលរួមប្រកួតនៅមណ្ឌលភ្នំពេញ យកជយលាភីត្រឡប់មកខេត្តវិញ និងក្មួយៗ ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន និងចូលរួមគោរពច្បាប់ ចរាចរទាំងអស់គ្នា ព្រមទាំងត្រូវអនាម័យឱ្យបានល្អ ពិសេសត្រូវសម្អាតដៃញឹកញាប់ និងទៀងទាត់មុនពេលបរិភោគអាហារ ដើម្បីការពារការឆ្លងមេរោគផ្សេងៗ ផងដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សមធ្យមសិក្សាថ្នាក់ខេត្តប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ លើកីឡា ៥វិញ្ញាសាររួមមានទី១៖ បាល់ទាត់បុរស-នារី, ទី២៖ បាល់ទះបុរស-នារី, ទី៣៖ បាល់បោះបុរស-នារី, ទី៤៖ អត្តពលកម្មបុរស-នារី និងទី៥៖ ប៉េតង់បុរស-នារី។ ក្រុមទទួលបានជយលាភីចំណាត់ថ្នាក់លេខ១ ទទួលបានពានមួយ ថវិកាមួយចំនួន និងសម្ភារកីឡា ចំណាត់ថ្នាក់លេខ២ ទទួលបានទង់ជយលាភីមួយ ថវិកាមួយចំនួន និងសម្ភារកីឡា ចំណាត់ថ្នាក់លេខ៣ បណ្ណសរសើរមួយ ថវិកាមួយចំនួន និងសម្ភារកីឡា៕